ដំណើរបន្ត តាមខ្នងផ្ទះ នៅអាមេរិក លោកឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារ ចុះសួរសុខទុក្ខ និងពិសាអាហារគ្រួសារសាមគ្គីជាមួយបងប្អូនខ្មែរនៅរដ្ឋ Oregon នៅផ្ទះលោក សេក ហ្សានី ប្រធានយុវជនប្រចាំរដ្ឋអូរិហ្គិន និងជាអនុប្រធានគណបក្សប្រជាជកម្ពុជាប្រចាំរដ្ឋ Oregon !!!
សហរដ្ឋអាមេរិក៖ នារសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកឧកញ៉ា ស្រី ចាន់ថន រួមជាមួយក្រុមការងារ បានអញ្ជើញទៅកាន់គេហដ្ឋានលោក សេក ហ្សានី ប្រធានយុវជនប្រចាំរដ្ឋOregon និងជាអនុប្រធានសាខាគណបក្សប្រជាជនកម្ពុជា នៃរដ្ឋ Oregon ដើម្បីជួបសួរសុខទុក្ខ និងពិសាអាហារគ្រួសារសាមគ្គីជាមួយបងប្អូនខ្មែរដែលរស់នៅក្នុងតំបន់។
ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល កក់ក្តៅ និងសោមនស្ស ដោយបង្ហាញពីការយកចិត្តទុកដាក់ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងបងប្អូនខ្មែរនៅក្រៅប្រទេស និងមាតុភូមិកម្ពុជា។ ក្នុងឱកាសនោះ ក៏មានការពាំនាំនូវបណ្តាំសួរសុខទុក្ខ និងការនឹករឭកពីថ្នាក់ដឹកនាំកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិកផងដែរ។
ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋខ្មែរបានសម្តែងនូវក្តីនឹករឭកចំពោះមាតុភូមិ ព្រមទាំងផ្តាំផ្ញើការគោរព ស្រឡាញ់ និងជូនពរដល់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈលោកឧកញ៉ា ស្រី ចាន់ថន។ ពួកគាត់ក៏បានបង្ហាញពីបំណងចង់ចូលរួមចំណែកជាមួយសង្គម និងមាតុភូមិកម្ពុជា តាមលទ្ធភាពរៀងៗខ្លួន។
ជាពិសេស ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហា និងភាពតានតឹងពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ បងប្អូនខ្មែរនៅសហរដ្ឋអាមេរិកបានបង្ហាញនូវការឈឺចាប់ ក្តីអាណិតអាសូរ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ និងបាត់បង់ទីលំនៅនៅតាមតំបន់ព្រំដែន។ ព្រមជាមួយនេះ ក៏បានចូលរួមរំលែកទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលបានលះបង់ជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
វត្តមានរបស់លោកឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារ ក្នុងដំណើរជួបសួរសុខទុក្ខនាពេលនេះ គឺជាសក្ខីភាពបង្ហាញថា ទោះបីបងប្អូនខ្មែររស់នៅទីណាក៏ដោយ ក្តីស្រឡាញ់ចំពោះមាតុភូមិ និងសាមគ្គីភាពរបស់ជាតិខ្មែរ នៅតែមានភាពរឹងមាំ និងមិនត្រូវបានបំបែកដោយចម្ងាយភូមិសាស្ត្រឡើយ។
ការជួបជុំ និងពិសាអាហារគ្រួសារសាមគ្គីនេះ ក៏បានបង្កើតនូវបរិយាកាសស្និទ្ធស្នាល និងជាឱកាសដ៏មានតម្លៃសម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេស បានសំណេះសំណាល ចែករំលែកក្តីស្រឡាញ់ និងបន្តពង្រឹងចំណងសាមគ្គីភាពរវាងខ្មែរនៅក្នុងប្រទេស និងខ្មែរនៅក្រៅប្រទេស ឱ្យកាន់តែរឹងមាំជាបន្តបន្ទាប់។
អត្ថបទដោយ៖ លោក តាំង វង្សរតនៈ






