ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (BOT)

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ មានការរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោ (BOT) ត្រូវបានធ្វើឡើងនៅទីក្រុងសៀមិន សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT)ឆ្នាំ២០២៦។
កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អៀង ស៊ុនលី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (Funan Techo Coastal-Inland Waterways Company Limited – FTCC) (ជាអ្នកខ្ចី) និងលោកស្រី Shu Chang អគ្គនាយករងនៃនាយកដ្ឋានធនាគារសាជីវកម្ម នៃធនាគារ Export-Import Bank of China ក្នុងតួនាទីជាអ្នករៀបចំនៃក្រុមធនាគាររួមផ្តល់ហិរញ្ញប្បទាន។
ពិធីចុះហត្ថលេខានេះ ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសពីតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមជាសាក្សីដោយ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាន ភាព ជាដៃគូរដ្ឋ-ឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងម្ចាស់ភាគហ៊ុននៃ ក្រុមហ៊ុន ហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (FTCC) រួមមាន លោក Du Feiប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន China Road and Bridge Corporation (CRBC); ឧកញ៉ា វ៉ាន់ ឆារស៏ជួន តំណាងក្រុមហ៊ុន អូវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន (OCIC); ឯកឧត្តម លូ គឹមឈន់ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS); ឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិកំពង់ផែស្វយ័តភ្នំពេញ (PPAP); លោក Yang Jie អគ្គនាយកក្រុមហ៊ុន CRBC Cambodia; និង លោក Wang Huan នាយកប្រតិបត្តិនៃក្រុមហ៊ុន FTCC។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោ (BOT) និងឆ្លុះបញ្ចាំងពី កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ព្រមទាំងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំហិរញ្ញប្បទាន និងការអនុវត្ត គម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះដោយជោគជ័យ។
ព្រឹត្តិការណ៍នេះក៏បានបញ្ជាក់ពី កិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងការប្តេជ្ញាចិត្តរួមរបស់ស្ថាប័ន និងដៃគូដែលចូលរួម ក្នុងការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមរយៈពេលវែង៕

You might also like