រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច

ការសម្រេចបានលទ្ធផលការងារតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព ដោយអនុលោមតាមច្បាប់ដែលមានចែងជាធរមាន គឺជាការអនុវត្តបានយ៉ាងត្រឹមត្រូវ និងមានភក្តីភាពបំផុតចំពោះប្រទេសជាតិ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ដែលនេះជាកាតព្វកិច្ចសំខាន់របស់ក្រុមគ្រួសារបរិស្ថានយើង។ អនុសាសន៍ណែនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងឡើងក្នុងជំនួបសំណេះសំណាលជាមួយក្រុមគ្រួសារបរិស្ថាននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នាមន្ទីរបរិស្ថានខេត្តរតនគិរី ដោយមានការចូលរួមពីមន្ត្រីរាជការ និងមន្ត្រីឧទ្យាននុរក្សយ៉ាងច្រើនកុះករ។

ឯកឧត្តមរដ្ឋមន្រ្តី បានដាក់ចេញការអនុវត្តច្បាប់២.១ ដោយជំរុញឱ្យមានការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការប្រព្រឹត្តិបទល្មើសធនធានធម្មជាតិ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស ការបន្តនីតិវិធីច្បាប់ ការតាមដានវឌ្ឍនភាពការងារ ការរក្សាទុកឯកសារសំណុំរឿងដើម្បីផ្ទៀងផ្ទាត់ និងកំណត់ជាមុខសញ្ញាដដែលឬមុខសញ្ញាថ្មី រួមបញ្ចូលជាមួយនឹងការស្រាវជ្រាវរកមុខមេក្លោងដែលនាំឱ្យមានការប្រព្រឹត្តិបទល្មើសនោះឡើង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងនឹងឈរនៅពីក្រោយ និងការពារជានិច្ចចំពោះមន្ត្រីបរិស្ថានទាំងឡាយណាដែលបានអនុវត្តតួនាទី និងភារកិច្ចស្របតាមច្បាប់ត្រឹមត្រូវ ប៉ុន្តែបែរជាត្រូវគេចោទប្រកាន់ថាបានប្រព្រឹត្តិខុសទៅវិញ។ ការផ្តល់ទំនុកចិត្តនេះ គឺដើម្បីជំរុញឱ្យមន្ត្រីបរិស្ថាន ជាពិសេសមន្ត្រីឧទ្យាននុរក្សនៅថ្នាក់មូលដ្ឋាន មានភាពក្លាហានបន្ថែមទៀតក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រៃឈើ និងការរាន្តយកដីធ្លីរដ្ឋដោយខុសច្បាប់ ដោយមិនមានការភ័យខ្លាចចំពោះសម្ពាធណាមួយឡើយ។

ទន្ទឹមនឹងការការពារអ្នកធ្វើត្រូវ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលឹកផងដែរថា ការការពារនេះមានសម្រាប់តែអ្នកធ្វើត្រូវប៉ុណ្ណោះ។ ចំពោះមន្ត្រីណាដែលប្រព្រឹត្តអំពើពុករលួយ ឬឃុបឃិតបើកដៃឱ្យមានបទល្មើស នឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ដូចគ្នា ។

You might also like