ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជា

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថ្មីរបស់អ៊ីរ៉ង់ប្រចាំនៅកម្ពុជា លោក Akbar Ghasemi Ali Abadi ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ក្នុងកំលុងពេលបំពេញបេសកកម្មនៅកម្ពុជា។

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានអនុញ្ញាតឱ្យលោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង​រវាងកម្ពុជា និងអ៊ីរ៉ង់ ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត។ លោកបានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកាលានុវត្តភាព​បង្កើនកិច្ចសហ​ប្រតិ​បត្តិការលើវិស័យមួយចំនួន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរលោក Akbar Ghasemi Ali Abadi ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅកម្ពុជា។ សម្តេចមហាបវរ​ធិបតី បានកត់សម្គាល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងមានជំនឿជាក់ថា អាណត្តិ​ការ​ទូតរបស់លោក នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងជំនួបនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ការប្តេជ្ញាចិត្តរបស់លោកឯកអគ្គរដ្ឋទូតក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត។ សម្តេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តលោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ពិភាក្សាបន្ថែមជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា៕

You might also like