ភារធារីស្ថានទូតអាមេរិក ជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីស្តាប់អំពីការងារក្នុងការសង្កេតការអនុវត្តបទឈប់បាញ់ នៅតាមព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ លោកស្រី Aleks Zittle ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីស្ដាប់និងស្វែងយល់អំពីវឌ្ឍនភាពការងារក្នុងការសង្កេតការណ៍លើការអនុវត្តបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជំនួបរបស់លោកស្រី Aleks Zittle ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នៅលើហ្វេសប៊ុកផ្លូវការ​ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ។
តាមរយៈសារ​នៅលើហ្វេសប៊ុក ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានដើរតួនាទីការទូតដ៏សំខាន់ក្នុងការសម្របសម្រួលឱ្យមានការសម្រេចបាននូវ កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ជាប្រវត្តិសាស្ត្រ រួមជាមួយដៃគូអាស៊ានរបស់យើង ហើយនៅតែបន្តគាំទ្រយន្តការត្រួតពិនិត្យនៅលើមូលដ្ឋាន ដូចជា ក្រុមអ្នកសង្កេតការណ៍អាស៊ា ដែលរួមចំណែកដល់ស្ថិរភាពតាមព្រំដែន និងលើកកម្ពស់សន្តិសុខរយៈពេលវែងនៅទូទាំងតំបន់។
ស្ថានទូតបញ្ជាក់ថា ក្នុងឱកាសជំនួបនេះ លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានជួបជាមួយ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីស្តាប់អំពីការងាររបស់ក្រុមនេះក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ។
ស្ថានទូតអាមេរិកបញ្ជាក់ថា​៖«កិច្ចប្រជុំនេះបានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា និងថៃ ខណៈដែលប្រទេសទាំងពីរកំពុងខិតខំរក្សាសន្តិភាព និងដោះស្រាយភាពខ្វែងគំនិតរបស់ពួកគេដោយសន្តិវិធី»៕

You might also like