សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអនុញ្ញាតឱ្យលោកស្រី គូឡា សូហ្វីអានូ (Koula Sophianou) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីប (Cyprus) ចូលជួបជូនសារតាំង និងសម្តែងការគួរសមនៅវិមានសាមគ្គីភាព។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបទទួលសារតាំងនេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះករុណា ព្រះមហាក្សត្រ បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី Koula Sophianou ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជា។
សម្ដេចតេជោ បានសម្ដែងក្តីសង្ឃឹមថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកស្រី នឹងចូលរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងស៊ីប ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
លោកស្រី Koula Sophianou បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកស្រីចូលជួបជូនសារតាំង និងសម្ដែងការគួរសម។ លោកស្រី បានសម្ដែងការគោរពចំពោះសម្ដេចតេជោ ក្នុងនាមជាឥស្សរជន ដែលមានភាពល្បីល្បាញទាំងក្នុងឆាកជាតិ និងអន្តរជាតិ ហើយបានគូសបញ្ជាក់ពីចំណងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងស៊ីប។
លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងពង្រីក និងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងវិស័យសេដ្ឋកិច្ច។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោកស្រី និងបានចាត់ទុកកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាចំណុចសំខាន់មួយសម្រាប់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីប បន្តខិតខំស្វែងរកឱកាស និងយន្តការថ្មីៗ ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើន។
សម្ដេចតេជោ ក៏បានសម្ដែងក្តីសង្ឃឹមថា សាធារណរដ្ឋស៊ីប នឹងមានឱកាស និងលទ្ធភាពបង្កើនការវិនិយោគនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕






