អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ពីស្ថានភាពជនជាតិចិនម្នាក់ ដែលស្វែងរកជំនួយនាំគាត់ត្រឡប់ទៅកាន់ស្រុកកំណើតវិញ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ មានបុរសជនជាតិចិនម្នាក់ បានស្រែកឡូឡា នៅក្បែររង្វង់មូលសម្តេចសង្ឃរាជ ជួនណាត បង្កឲ្យមានភាពភ្ញាក់ផ្អើល។
បន្ទាប់ពីមានការភ្ញាក់ផ្អើល និងកកស្ទះនៅទី តាំងខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ និងបានបញ្ជូនបរុសជនជាតិចិនខាងលើនេះ មកកាន់កន្លែងរក្សាទុកបណ្តោះអាសន្ន Cargo នៅថ្ងៃដដែលនេះ។
ក្រោយទទួលបានបុរសជនជាតិចិនខាងលើរួចមក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីនគរបាលអន្តោប្រវេសន៍ជំនាញ បានធ្វើការសាកសួរបុរសជនជាតិចិនខាងលើ បានឱ្យដឹងថា មូលហេតុដែលគាត់បាន ស្រែកឡូឡានៅទីសាធារណៈបែបនេះ ដោយសាររូបគេចង់ត្រឡប់ទៅប្រទេសកំណើតវិញ ហើយមិនមានអ្នកណាម្នាក់គំរាម កំហែងខ្លួននោះទេ គ្រាន់តែរូបគេខ្លួនឯងមានអារម្មណ៍ភ័យខ្លាច និងគិតថាមានគេតាមខ្លួនជាក់ស្តែងមិនមាននោះទេ។
ក្រោយពីសាកសួររួច មន្ត្រីប្រចាំការបានធ្វើការតេស្តទឹកនោមលើបុរសជនជាតិចិននោះ លទ្ធផលវិជ្ជមាន «ប្រភេទមេតំហ្វេតាមីន» ហើយបច្ចុប្បន្នបុរសជនជាតិចិនខាងលើត្រូវបានរក្សាទុកដើម្បីត្រៀមបណ្ដេញចេញពីកម្ពុជា៕

You might also like