តំណាង UNODC: ការឆបោកតាមអនឡាញ បង្កការខាតបង់ ១១៤ពាន់លានដុល្លារ ក្នុង១ឆ្នាំនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់

(ភ្នំពេញ)៖​ លោកស្រី Delphine Schantz តំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានគូសបញ្ជាក់ថា ការឆបោកតាមអនឡាញ កំពុងក្លាយជាប្រភពចំណូលដ៏សំខាន់របស់ឧក្រិដ្ឋកម្ម ដែលមានការរៀបចំជាប្រព័ន្ធ និងកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន ហើយការខាតបង់ដោយសារការឆបោកនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ មានចំនួនរហូតដល់១១៤ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ខណៈចំនួននេះកំពុងកើនឡើងយ៉ាងឆាប់រហ័ស។

ការគូសបញ្ជាក់បែបនេះរបស់លោកស្រីតំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិ បានធ្វើឡើងនៅងសន្និសីទអន្តរជាតិស្តីពី​ «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភូគាត្រា រាជធានីភ្នំពេញ។

លោកស្រី Delphine Schantz បានលើកឡើងថា តួលេខនេះមិនទាន់រាប់បញ្ចូលការខាតបង់នៅតំបន់ផ្សេងទៀតនៃពិភពលោកនៅឡើយទេ។ លោកស្រីបានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកក៏បានប៉ាន់ប្រមាណថាការខាតបង់ដោយសារការឆបោកមានប្រមាណ ១០ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ខណៈ EUROPOL បានចាត់ទុកគម្រោងឆបោកនេះថា ជាវិស័យដែលកំពុងពង្រីកលឿនបំផុតមួយក្នុងចំណោមឧក្រិដ្ឋកម្មដែលមានការរៀបចំជាប្រព័ន្ធ។

លោកស្រីតំណាង UNODC​ បានអះអាងថា៖ «ការឆបោកតាមអនឡាញមិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ទំនុកចិត្តរបស់ប្រជាជនចំពោះស្ថាប័ន និងនីតិរដ្ឋផងដែរ»

បើតាមលោកស្រី Delphine Schantz ប្រាក់ចំណូលពីការឆបោកទាំងនេះ ត្រូវបានយកទៅវិនិយោគឡើងវិញ ដើម្បីពង្រីកប្រព័ន្ធឧក្រិដ្ឋកម្មឱ្យកាន់តែធំ និងស្មុគស្មាញ។ ទន្ទឹមនេះ តាមការវាយតម្លៃរបស់ UNODC ឧស្សាហកម្មឆបោកនៅអាស៊ីអាគ្នេយ៍កំពុងផ្លាស់ប្តូរពីបណ្តាញឧក្រិដ្ឋកម្មដែលបែកខ្ញែក ទៅជាសេដ្ឋកិច្ចឧក្រិដ្ឋកម្មឆ្លងដែនតែមួយ ដែលដំណើរការដោយបច្ចេកវិទ្យា។

លោកស្រីបានអះអាងថា៖ «បណ្តាញទាំងនេះមានផ្នែកឯកទេសពាក់ព័ន្ធនឹងការលាងលុយ ការជួញដូរមនុស្ស ការរត់ពន្ធជនចំណាកស្រុក និងការប្រមូលទិន្នន័យ ហើយផ្នែកទាំងនេះត្រូវបានភ្ជាប់គ្នាជាប្រព័ន្ធ»

តំណាង UNODC បានប្រៀបធៀបរបៀបប្រតិបត្តិការរបស់បណ្តាញឧក្រិដ្ឋកម្មទាំងនេះទៅនឹង «ការផ្តល់សិទ្ធិអាជីវកម្មជាបណ្តាញ» ដោយសារពួកគេអាចផ្តល់សេវាកម្ម និងសហការគ្នាឆ្លងកាត់ព្រំដែន។ ស្ថានភាពនេះធ្វើឱ្យស្ថាប័នអនុវត្តច្បាប់កាន់តែពិបាកក្នុងការបែងចែករវាងជនរងគ្រោះ និងជនប្រព្រឹត្តបទល្មើស ព្រមទាំងធានាការការពារ និងជួយសង្គ្រោះជនរងគ្រោះឱ្យបានគ្រប់គ្រាន់។

លោកស្រីក៏បានព្រមានផងដែរថា ឧក្រិដ្ឋជនកំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជា រូបិយប័ណ្ណគ្រីបតូ អ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិត និងមេរោគកុំព្យូទ័រ ដើម្បីពង្រីកសកម្មភាពរបស់ខ្លួន និងគេចចេញពីការអនុវត្តច្បាប់។ «ក្រុមឧក្រិដ្ឋកម្មមួយចំនួនមិនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទេ ប៉ុន្តែថែមទាំងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗដោយខ្លួនឯងផងដែរ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោកស្រី Delphine Schantz ។

ទោះជាយ៉ាងណា លោកស្រី Delphine Schantz បានស្វាគមន៍ចំពោះការឆ្លើយតបដែលកំពុងកើនឡើងនៅក្នុងតំបន់ ដោយមានការបង្កើតមជ្ឈមណ្ឌលប្រឆាំងការឆបោក ក្រុមការងារពិសេស និងការបង្កើនប្រតិបត្តិការអនុវត្តច្បាប់។

ជាមួយគ្នានេះ លោកស្រី Delphine Schantz បានចាត់ទុកកម្ពុជា ជាឧទាហរណ៍មួយនៃប្រទេសដែលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបិទប្រតិបត្តិការឆបោក។ លើសពីនេះទៀត ការបង្កើតគណៈកម្មការអន្តរក្រសួង គណៈកម្មការពិសេសស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ និងការរៀបចំសន្និសីទអន្តរជាតិនេះ បង្ហាញពីការប្តេជ្ញាចិត្ត និងការបើកចំហររបស់កម្ពុជាក្នុងការសហការជាមួយប្រទេសដទៃ។

ក្នុងឱកាសនោះ លោកស្រី Delphine Schantz ក៏បានស្នើឱ្យផ្តោតលើវិស័យសំខាន់ៗចំនួន៥ រួមមាន៖

ទី១៖ បង្កើតការយល់ដឹងរួមអំពីនិន្នាការ និងការវិវឌ្ឍនៃឧក្រិដ្ឋកម្មឆបោក
ទី២៖ ពង្រឹងក្របខណ្ឌច្បាប់ និងសមត្ថភាពប្រមូល គ្រប់គ្រង និងវិភាគភស្តុតាងឌីជីថល
ទី៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងការចែករំលែកព័ត៌មាន។
ទី៤៖ បង្កើនការចូលរួមរបស់វិស័យឯកជន ជាពិសេសវិស័យ FinTech និងបណ្តាញសង្គម
និងទី៥៖ សិក្សាឱ្យបានច្បាស់អំពីលំហូរប្រាក់ចំណេញពីការឆបោក និងវិធីទប់ស្កាត់ការយកប្រាក់ទាំងនោះទៅពង្រីកប្រព័ន្ធឧក្រិដ្ឋកម្ម។

លោកស្រីបានសង្កត់ធ្ងន់ថា៖ «ការឆបោកតាមអនឡាញមិនមែនជាបញ្ហាដែលប្រទេសណាមួយអាចដោះស្រាយដោយខ្លួនឯងបានឡើយ។ ដូច្នេះ ត្រូវការកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់នៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដើម្បីទប់ស្កាត់ការផ្លាស់ទីរបស់បណ្តាញឧក្រិដ្ឋកម្មពីកន្លែងមួយទៅកន្លែងមួយទៀត»

លោកស្រីក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ និងបានអំពាវនាវឱ្យប្រទេសចូលរួមកំណត់ជំហានជាក់លាក់ និងអាចអនុវត្តបាន ដើម្បីបង្កើតការឆ្លើយតបដែលមានប្រសិទ្ធភាពជាងមុនចំពោះការឆបោកតាមអនឡាញ។

សូមបញ្ជាក់ថា កម្ពុជា បានធ្វើរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងថ្នាក់ដឹកនាំរដ្ឋាភិបាលដែលអញ្ជើញមកពីប្រទេសជាង២៧ នៅលើពិភពលោក និងថ្នាក់ដឹកនាំអង្គការអន្តរជាតិធំៗចំនួន៧​ និងមានភ្ញៀវជាតិ អន្តរជាតិចូលរួមជាង ១០០០នាក់៕

You might also like