សហរដ្ឋអាមេរិក ប្រកាសពីការឈានដល់ការពន្យារបទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្ម ខណៈលោក ត្រាំ ចេញទៅទទួលលោក ស៊ី ជីនពីងដល់មុខជណ្ដើរយន្ដហោះ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្វាគមន៍ដំណើរមកដល់របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោងនៅវ៉ាស៊ីនតោន) សម្រាប់ការបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដែលនឹងធ្វើតេស្តលើទំនាក់ទំនងរវាងកំពូលមហាអំណាចទាំង២ ដែលរួមរឹតដោយភាពតានតឹងលើបញ្ហាជុំវិញពាណិជ្ជកម្ម បច្ចេកវិទ្យា តៃវ៉ាន់ និងសង្រ្គាមអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ត្រូវបានក្រុមអ្នកជំនាញមើលឃើញថាទំនងជានឹងមិនអាចសម្រេចបានលទ្ធផលផ្លែផ្កាធំដុំអ្វីនោះទេ ប៉ុន្តែវ៉ាស៊ីនតោន និងប៉េកាំងអាចពន្យារបទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្ម។ ជាក់ស្ដែង រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថាសហរដ្ឋអាមេរិក និងចិនបានឈានដល់កិច្ចព្រមព្រៀងមួយលើការពន្យារបទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្ម ខណៈលោក ត្រាំ ចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីងដល់ជណ្ដើរយន្ដហោះនៅឯព្រលានយន្ដហោះនៃមូលដ្ឋានទ័ពអាកាស Joint Base Andrews ក្នុងរដ្ឋ Maryland។ ប៉ុន្តែភ្លាមៗ ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ។
គួរបញ្ជាក់ថា វាគឺជាលើកដំបូងបំផុតក្នុងរយៈពេល១១ឆ្នាំមកនេះ ដែលប្រធានាធិបតីអាមេរិកម្នាក់ទទួលស្វាគមន៍មេដឹកនាំបរទេសនៅឯមូលដ្ឋានទ័ពអាកាស Joint Base Andrews។ នេះបើតាម C-SPAN ដែលជំនាញខាងតាមដានព្រឹត្តិការណ៍របស់ប្រធានាធិបតីអាមេរិក។ ការទទួលស្វាគមន៍បែបនេះធ្លាប់បានកើតឡើងចុងក្រោយបំផុត នៅពេលអតីតប្រធានាធិបតីអាមេរិក លោក Barack Obama ចេញទៅទទួលស្វាគមន៍អតីតសម្ដេចប៉ាប Francis ដោយផ្ទាល់កាលពីឆ្នាំ២០១៥៕






