សម្តេចតេជោ ហ៊ុន សែន រំលឹកខួប២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាត និងប្តេជ្ញាពង្រឹងអំណាចបញ្ចប់សង្គ្រាម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានរំលឹកខួបលើកទី២៨ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតលើរូបសម្តេចពីសំណាក់ «ពួកចោរនយោបាយ» ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។

ការរំលឹកនេះត្រូវបានធ្វើឡើងតាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Channel CoolApp របស់សម្តេចតេជោនៅពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រៀបរាប់យ៉ាងដូច្នេះថា

«ថ្ងៃនេះជាខួបលើកទី២៨ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតខ្ញុំពីសំណាក់ពួកចោរនយោបាយ (24.9.1998-24.9.2026)។ ក្រោយពេលខ្មាំងលួចសម្លាប់តែមិនស្លាប់ពេលនោះ ហើយដែលខ្ញុំយកដៃដាក់លើក្បាលដោយនិយាយក្នុងចិត្តថាខ្ញុំត្រូវពង្រឹងអំណាច និងត្រូវបញ្ចប់សង្គ្រាមឲ្យខាងតែបាន។តាមពិតក្រោយឈ្នះឆ្នោតឆ្នាំ១៩៩៨ ខ្ញុំបានស្នើសុំឈប់ធ្វើនាយករដ្ឋមន្ត្រីដោយមានការប្រជុំគណៈអចិន្ត្រៃយ៍គណបក្សនៅផ្ទះខ្ញុំនៅតាខ្មៅនាល្ងាចថ្ងៃ២៧កក្កដា១៩៩៨ក្រោមអធិបតីភាពបង ជា ស៉ីម ប៉ុន្តែមិនមានថ្នាក់ដឹកនាំណាយល់ព្រមឲ្យខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រីនោះទេ។

ខ្ញុំគិតថាខ្ញុំបន្តធ្វើនាយករដ្ឋមន្ត្រីត្រឹមឆ្នាំ ២០០៣ ប៉ុន្តែនៅពេលដែលគេហ៊ានសម្លាប់ខ្ញុំយ៉ាងឃោឃៅបែបនេះខ្ញុំលើកដៃដាក់លើក្បាលនិយាយក្នុងចិត្តថា ត្រូវពង្រឹងអំណាចត្រូវបញ្ចប់សង្រ្គាមនិងត្រូវធ្វើនាយករដ្ឋមន្ត្រីរហូតដល់ពេលឈប់ចង់ធ្វើ។ ក្រោយមកខ្ញុំនិយាយថា ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រីថ្ងៃក្រោយខ្ញុំនឹងក្លាយ ទៅជាឪនាយករដ្ឋមន្ត្រីខ្ញុំពិតជាធ្វើបានមែនគឺ ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីជាង៣ឆ្នាំមកហើយតាមរយៈការបោះឆ្នោតនិងស្របតាមរដ្ឋធម្មនុញ្ញ។ ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រីក្នុងវ័យ៤៦ឆ្នាំតែដល់គេចង់សម្លាប់ត្រូវធ្វើនាយករដ្ឋមន្ត្រី២៥ឆ្នាំទៀតរហូតអាយុ៧១ឆ្នាំទើបឈប់។ អំណាច ហ៊ុន សែន មិនទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា។ ខ្ញុំនឹងបន្តកំដរលេងជាមួយពួក (កំចាត់ត្រកូលហ៊ុន) រហូតពួកនេះអស់ពីផែនដី៕

 

You might also like