លោកយាយបានស្លាប់ហើយ! លោកយាយជីម្នាក់ ត្រូវរថយន្តពាក់ស្លាកលេខ «រដ្ឋ១៤» បុកពេលឆ្លងផ្លូវ នៅម្តុំសាលាបាក់ទូក បណ្តាលឱ្យស្លាប់នៅមន្ទីរពេទ្យ

(ភ្នំពេញ)៖ ពិតជាគួរឱ្យអាសូរជាខ្លាំង លោកយាយជីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវរថយន្តមួយគ្រឿងពាក់ស្លាកលេខ «រដ្ឋ១៤ ២-០០៥១» បើកបុក ខណៈកំពុងដើរឆ្លងផ្លូវ នៅម្តុំជិតសាលាបាក់ទូក ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

យោងតាមព័ត៌មានដែលក្រុមការងារទទួលបានពីសមត្ថកិច្ចជំនាញ និងក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៦៖១០នាទីព្រឹក នៅតំបន់ជិតរង្វង់មូលនាងគងហ៊ិង និងនៅមុខធនាគារឯកជនមួយ ក្បែរសាលារៀនបាក់ទូក ប្រភពបានឱ្យដឹងថា រថយន្តខាងលើត្រូវបានបើកបរដោយបុរសម្នាក់ ដែលតាមព័ត៌មានបឋម អះអាងថា មានតួនាទីជាមន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋមួយ។ រថយន្តបានបុកលោកយាយជី ខណៈលោកយាយកំពុងឆ្លងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ បែកក្បាល និងហូរឈាមយ៉ាងខ្លាំង។
បន្ទាប់ពីកើតហេតុ តាមការរៀបរាប់របស់បុរសម្នាក់ដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា រថយន្តបានបន្តដំណើរចេញពីកន្លែងកើតហេតុ។ បុរសរូបនោះបានជិះម៉ូតូដេញតាម និងហៅឱ្យរថយន្តត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីពិនិត្យមើលស្ថានភាពជនរងគ្រោះ។ បន្តិចក្រោយមក រថយន្តបានត្រឡប់មកកន្លែងកើតហេតុវិញ។ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចចរាចរណ៍ខណ្ឌ៧មករា បានចុះទៅអន្តរាគមន៍ និងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់។ ទោះជាយ៉ាងណា ដោយសាររបួសមានសភាពធ្ងន់ធ្ងរ និងបែកក្បាលហូរឈាមច្រើន លោកយាយជីបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យយ៉ាងអកុសល។
ចំណែករថយន្តដែលពាក់ស្លាកលេខ «រដ្ឋ១៤ ២-០០៥១» ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីបន្តនីតិវិធី។ អ្នកបើកបរក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងបន្តបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ក្រោយមក សពលោកយាយជីត្រូវបានក្រុមគ្រួសារទទួលយកទៅតម្កល់ទុកនៅវត្តព្រះពុទ្ធមានបុណ្យ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក តាមព័ត៌មានដែលក្រុមការងារទទួលបាន ភាគីអ្នកបើកបររថយន្តបានពិភាក្សាជាមួយក្រុមគ្រួសារជនរងគ្រោះ និងបានព្រមព្រៀងជាគោលការណ៍ផ្តល់សំណងចំនួន ៦,០០០ដុល្លារអាមេរិក។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ការព្រមព្រៀងខាងលើនៅត្រឹមជាការយល់ព្រមលើសំណងប៉ុណ្ណោះ ខណៈការប្រគល់ប្រាក់សំណងជាក់ស្តែងនៅមិនទាន់ត្រូវបានបញ្ជាក់ថាបានធ្វើរួចនៅឡើយ។
គួរបញ្ជាក់ថា តាមព័ត៌មានបឋម ស្លាកលេខ «រដ្ឋ១៤» ត្រូវបានរាយការណ៍ថា ជាស្លាកលេខដែលប្រើប្រាស់ដោយក្រសួងផែនការ។ ចំពោះអត្តសញ្ញាណ និងតួនាទីជាក់លាក់របស់អ្នកបើកបរ ព្រមទាំងមូលហេតុ និងកាលៈទេសៈលម្អិតនៃគ្រោះថ្នាក់នេះ គឺរង់ចាំការបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ចជំនាញ។
ក្រុមការងារនឹងបន្តតាមដាន និងរាយការណ៍ព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ដ៏សោកសៅនេះ ជាពិសេសលទ្ធផលនៃការស៊ើបអង្កេត និងការដោះស្រាយរវាងភាគីពាក់ព័ន្ធ៕

You might also like