ឯកឧត្តម អ៊ុំ រាត្រី ដាក់បទបញ្ជាក់ដល់គ្រប់រដ្ឋបាលក្រុងស្រុក ត្រៀមកងកម្លាំង ប្រេីប្រាស់គ្រប់មធ្យោបាយ ដេីម្បីចេញអន្តរាគមន៍ ជម្លៀសបងប្អូនពលរដ្ឋ ចេញពីតំបន់ប្រឈមនូវការជន់លិច
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមនឹងក្រុមការងារ កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង អធិការនគរបាលក្រុង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅតាមដងស្ទឹងសិរីសោភ័ណ នៅសង្កាត់ទឹកថ្លា សង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា ។
ក្នុងនោះឯកឧត្ដម អ៊ុំ រាត្រី ក៏បានដាក់ចេញនូវបទបញ្ជាក់ដល់អាជ្ញាធរសង្កាត់ទាំង៧ ក្នុងក្រុង សិរីសោភ័ណ ក៏ដូចជាបណ្តាក្រុង-ស្រុកទាំងអស់ទូទាំងខេត្ត ក្នុងករណីជំនន់ទឹកភ្លៀងបន្តកេីនឡេីង ត្រូវរៀបចំកងកម្លាំងប្រេីប្រាស់គ្រប់មធ្យោបាយ ដេីម្បីចេញអន្តរាគមន៍ ជម្លៀសបងប្អូនពលរដ្ឋ ចេញពីតំបន់ប្រឈមនូវការជន់លិច ទៅកាន់ទីទួលសុត្ថិភាព ដែលអាជ្ញាធរបានរៀបចំជូន ។
មួយវិញទៀតត្រូវរៀបចំក្រុមគ្រូពេទ្យប្រចាំការ ដើម្បីព្យាបាលជំងឺ ផ្តល់ថ្នាំសង្កូវ ជូនដល់បងប្អូនពលរដ្ឋនៅតាមទីតាំងទួលសុវត្ថិភាព នីមួយៗ ។ ត្រូវចាត់កម្លាំងសមត្ថកិច្ច ឬប្រជាកាពារ ការពារសន្តិសុខ និងសុវត្ថិភាព ជូនបងប្អូនពលរដ្ឋ ក្នុងពេលស្នាក់នៅបណ្តោះអាសន្ននៅគ្រប់ទីតាំង។
សូមរំលឹកថា ជំនន់ទឹកភ្លៀង បានធ្វេីឱ្យប៉ះពាល់ខ្លាំងមានក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ទទួលរងនូការជន់លិចផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះក្រុងប៉ោយប៉ែត ទទួលរងនូវការជន់លិចខ្លាំងជាងគេ ដោយទឹកធ្លាក់មកពីប៉ែកខាងលើនៃប្រទេសថៃ គួបផ្សំជាមួយនឹងជំនន់ទឹកភ្លៀង ធ្វេីឱ្យផ្ទះសំបែងពលរដ្ឋរងការជន់លិច រួមនិងហេដ្ឋរចនាសម្ព័ន្ធមួយចំនួនផងដែរ។ ហេីយអាជ្ញាធរក៏បានធ្វេីការជម្លៀសបងប្អូនពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពផងដែរ ។ មួយវិញទៀត ក្រុងសិរីសោភ័ណ ខណៈ ទឹកស្ទឹង បន្តកើនឡើង ធ្វើឱ្យផ្ទះសំបែងរបស់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹងប្រឈមជាមួយនឹងការជន់លិច អាជ្ញាធរក៏បានធ្វើការជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពបានមួយចំនួន។ ដោយឡែកស្រុកមួយចំនួនក៏ប្រឈមជាមួយនិងជំនន់ទឹកភ្លៀងផងដែរ។
សូមបញ្ជាក់ថា ÷ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៦ម្សិលមិញមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកបណ្តោះអាសន្នយានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ ផ្លូវជាតិលេខ៥, លេខ៥៩ និងលេខ ៥៦D និងផ្លូវខេត្តលេខ១៥៩H ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដោយសារទទួលរងឥទ្ធិពល ភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តាលឱ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន។ ចំពោះកំណាត់ផ្លូវដែលត្រូវផ្អាកបណ្តោះអាសន្នចំពោះយានយន្តធុនធំគ្រប់ប្រភេទរួមមាន ៖ ១. កំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុច គ.ម ៤០២+២០០ ដល់ គ.ម ៤០៧+៤៥០ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ២. កំណាត់ផ្លូវជាតិលេខ ៥៩ ត្រង់ចំណុច គ.ម ២០+០០០ ដល់ គ.ម ៣០+០00 ស្ថិតក្នុងឃុំអូរសំព័រ ដល់ឃុំទួលពង្រ ស្រុកម៉ាឡៃ ដល់ គ.ម ១៩+៩០០ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ៣. កំណាត់ផ្លូវជាតិលេខ ៥៦០ ត្រង់ចំណុច គ.ម ០+០០00, ៤. កំណាត់ផ្លូវខេត្តលេខ ១៥៩អ ត្រង់ចំណុច គ.ម ០+000 ដល់ គ.ម ១៥+៧០០ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដល់ឃុំទួលពង្រ ស្រុកម៉ាឡៃ។







