ទឹកជំនន់ នៅទីក្រុងបាងកក ធ្វើឱ្យប្រព័ន្ធព្រមានថ្មី «One Map» របស់ថៃ ស្ថិតក្រោមការត្រួតពិនិត្យ

ភ្លៀងធ្លាក់ខ្លាំង នៅទីក្រុងបាងកក និងខេត្តជុំវិញ ដែលប្រព័ន្ធផ្សព្វផ្សាយថៃ បានហៅយ៉ាងទូលំទូលាយថាជា «ភ្លៀងគ្រប់បែក​» បានចាប់ផ្តើមថម​ថយ​ហើយ ប៉ុន្តែទឹកជំនន់នៅតែជន់លិចខ្លាំង នៅក្នុងសហគមន៍មួយចំនួន ហើយបញ្ហានេះបានបង្កឱ្យមានការត្រួតពិនិត្យឡើងវិញទៅលើប្រព័ន្ធព្រមាន អំពីគ្រោះមហន្តរាយ និងការគ្រប់គ្រងទឹករបស់រដ្ឋាភិបាល។
ទឹកជំនន់នេះបានបង្កឱ្យមានការរិះគន់លើរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ជាពិសេសពាក់ព័ន្ធនឹងល្បឿននៃការជូនដំណឹងព្រមានដល់សាធារណជន និងការផ្តល់ជំនួយដល់សហគមន៍ដែលរងផលប៉ះពាល់។ ទីក្រុងបាងកកបានកត់ត្រាកម្រិត​ទឹក​ភ្លៀងជិត ៣០០មីលីម៉ែត្រ ក្នុងរយៈពេលប្រហែល ៤៨ម៉ោង អំឡុងពេលភ្លៀងធ្លាក់ខ្លាំងបំផុត ដែលជំរុញឱ្យទីក្រុងប្រកាសថា ​ខណ្ឌទាំង ៥០ របស់ខ្លួន សុទ្ធតែជាតំបន់រងគ្រោះដោយគ្រោះមហន្តរាយ។
ការរិះគន់មិនបានផ្តោតលើថា តើអាជ្ញាធរអាចទប់ស្កាត់ការធ្លាក់ភ្លៀងខ្លាំងនោះបាន ឬអត់ទេ ប៉ុន្តែផ្តោតលើថា តើការព្យាករ ទិន្នន័យ បុគ្គលិក និងធនធានសង្គ្រោះបន្ទាន់ដែលមានស្រាប់ ត្រូវបានប្រមូលផ្តុំគ្នាបានលឿនគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការខូចខាតដែរ ឬទេ។
ឧបនាយករដ្ឋមន្ត្រី លោក Songsak Thongsri ដែលជាប្រធានកិច្ចប្រជុំគណៈកម្មាធិការធនធានទឹកជាតិ បានថ្លែងមុនពេលមានទឹកជំនន់ខ្លាំងបំផុតថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងកើតឡើងនៅចន្លោះថ្ងៃទី២៤ ដល់ថ្ងៃ​ទី​២៦ ខែកញ្ញា ប៉ុន្តែការវាយតម្លៃជាផ្លូវការមិនបានបង្ហាញពីសញ្ញានៃការមាន​ «ទឹកជំនន់ដ៏ធំសម្បើម» នោះទេ។ ដូច្នេះ ទឹកជំនន់ដែលបានកើតឡើងជាបន្តបន្ទាប់នេះ បានបង្កជាសំណួរថា តើបញ្ហានេះបណ្តាលមកពីអាកាសធាតុដ៏អាក្រក់ខុសប្រក្រតីតែម៉្យាង​ ឬក៏បណ្តាលផង​ដែរ​មក​ពីរបៀបដែលស្ថាប័ននានា បាន​បកស្រាយ ទាក់​ទង​​ និងចាត់វិធានការ ផ្អែកលើព័ត៌មានដែលមានស្រាប់។
ការយកចិត្តទុកដាក់មួយផ្នែក បានងាកទៅរកប្រព័ន្ធផ្ដល់​ព័ត៌មាន អំពីទឹក និងគ្រោះមហន្តរាយ គឺ «One Map» របស់ថៃដែលទើបដាក់ឱ្យដំណើរការថ្មីៗនេះ ជា​ប្រព័ន្ធដែល​​ត្រូវបានបង្កើតឡើងជាពិសេស ដើម្បីដោះស្រាយបញ្ហាមានជាយូរមកហើយទាក់ទងនឹងទិន្នន័យដែលមិនស៊ីសង្វាក់គ្នា និងមិនមានការ​ឯកភាពគ្នា រវាងស្ថាប័នរដ្ឋាភិបាលនានា៕
You might also like