ជូនដំណឹង! ផ្អាកការធ្វើដំណើរយានយន្តធុនធំជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៥ នៅចំណុច អូរស្ងួត-ផ្លូវវាងក្រុងទឹកថ្លា ដោយសារជំនន់ទឹកភ្លៀង

(បន្ទាយមានជ័យ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ចេញសេចក្ដីជូនដំណឹងស្តីពីការផ្អាកបណ្ដោះអាសន្នចំពោះយានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីគីឡូម៉ែត្រលេខ ៣៤០+០០០ ដល់ គីឡូម៉ែត្រលេខ ៣៦១+៨៥០ (អូរស្ងួត-ផ្លូវវាងក្រុងទឹកថ្លា) ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីតំបន់ខាងលើបានទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបណ្ដាលឲ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវជាតិយ៉ាងគំហុក។
យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដែលបណ្តាញព័ត៌មាន  ទទួលបាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ទៀតថា បន្ទាប់ពីទទួល រងឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ដើម្បីថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងធានាសុខសុវត្ថិភាពក្នុងការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមធ្វើការផ្អាកបណ្តោះអាសន្នចំពោះ យានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចខាងលើនេះ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណជន បងប្អូនប្រជាពលរដ្ឋជាម្ចាស់យានយន្តធុនធំគ្រប់ប្រភេទ អនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីយោគយល់ និងទទួលខុសត្រូវខ្ពស់៕

You might also like