លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាតំបន់ឆ្នេរខាងលិច និងជាប្រធានក្រុមការងាររដ្ឋអូរីហ្គិន បានដឹកនាំកិច្ចប្រជុំក្រុមការងារទីក្រុងផតលែន (Portland) ក្នុងគោលបំណងសំខាន់ៗចំនួន ៣
ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ កិច្ចប្រជុំក្រុមការងារទីក្រុងផតលែន (Portland) រដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក លោកឧកញ៉ា ស្រី ចាន់ថន បានលើកឡើងអំពីលទ្ធផលការងារ និងសកម្មភាពដែលបានអនុវត្តក្នុងអំឡុងពេលចុះបំពេញការងារនៅរដ្ឋអូរីហ្គិន ព្រមទាំងបានពិនិត្យ និងធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារទីក្រុងផតលែន ដោយមានការបន្ថែមសមាជិកថ្មី ដើម្បីពង្រឹងប្រសិទ្ធភាព និងការរៀបចំការងារឱ្យកាន់តែមានភាពច្បាស់លាស់។
ជាមួយគ្នានេះ ក្រុមការងារបានដាក់ចេញ ទិសដៅសំខាន់ៗចំនួន ៣ រួមមាន៖
១. ពង្រឹងរចនាសម្ព័ន្ធ តួនាទី និងការទទួលខុសត្រូវរបស់ក្រុមការងារ។
២. ពង្រឹងសាមគ្គីភាព កិច្ចសហការ និងការចូលរួមរបស់សមាជិក សមាជិកា។
៣. រៀបចំផែនការសកម្មភាពការងារឱ្យមានភាពច្បាស់លាស់ និងតាមដានលទ្ធផលជាប្រចាំ។
បន្ទាប់ពីពិនិត្យរបាយការណ៍សកម្មភាព និងសមាសភាពក្រុមការងារ កញ្ញា លី ស៊ីនី ប្រធានក្រុមការងារទីក្រុងផតលែន បានលើកឡើងនូវមតិយោបល់ សំណូមពរ និងបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការដឹកនាំ និងការអនុវត្តការងារ។
កញ្ញាបានប្តេជ្ញាចិត្តបន្តដឹកនាំ និងសម្របសម្រួលការងារ ដោយផ្តោតលើការពង្រឹងសាមគ្គីភាព កិច្ចសហការ និងប្រសិទ្ធភាពការងារ។
នៅចុងបញ្ចប់ លោកឧកញ៉ា ស្រី ចាន់ថន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារទីក្រុងផតលែន ដែលបានខិតខំបំពេញការងារកន្លងមក។ លោកបានលើកទឹកចិត្តឱ្យក្រុមការងារបន្តពង្រឹងសាមគ្គីភាព កិច្ចសហការ និងការអនុវត្តផែនការការងារឱ្យបានជាក់លាក់ ដើម្បីសម្រេចបាននូវលទ្ធផលល្អប្រសើរបន្ថែមទៀត។







