ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ចាត់ឱ្យក្រុមការងារបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ចុះអន្តរាគមន៍ជាបន្ទាន់ កាយរំដោះទឹកជំនន់ចូលទៅក្នុងដៃស្ទឹងមង្គលបូរី ដើម្បីការពារលំនៅឋាន និងផលដំណាំរបស់ប្រជាពលរដ្ឋ

បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធាន និងឧតុនិយម បានចាត់ឱ្យក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ជាបន្ទាន់ ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ កាយផ្តាច់កំណាត់ផ្លូវមួយចំនួន ដើម្បីពន្លឿនការរំដោះទឹកឱ្យហូរធ្លាក់ចូលទៅក្នុងដៃស្ទឹងមង្គលបូរីបានទាន់ពេលវេលា។
កិច្ចអន្ដរាគមន៍នេះ បានធ្វើឡើងនៅទីតាំងភូមិអូរធំ ឃុំរហាត់ទឹក និងឃុំបន្ទាយនាង ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងបញ្ចៀសការជន់លិចលំនៅឋាន ការពារទ្រព្យសម្បត្តិ និងកាត់បន្ថយការខូចខាតផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។
ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមការងារនៅតែបន្តប្រចាំការ និងតាមដានស្ថានភាពលំហូរទឹកជាប្រចាំ ២៤ម៉ោង លើ ៧ថ្ងៃ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ និងចាត់វិធានការឆ្លើយតបបន្ថែមទៀត ស្របតាមការវិវត្តជាក់ស្តែងនៃស្ថានភាពទឹកជំនន់៕

You might also like