ប្រមុខការពារជាតិកម្ពុជា និងវៀតណាម ពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
នៅក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង ( Phan Văn Giang) ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានពិភាក្សាការងារ ដែលសម្រេចបាននូវលទ្ធផលការងារ ឆ្នាំ២០២៦ នៃក្រសួងការពារជាតិ នៃប្រទេសយើងទាំងពីរ និងបន្តអនុវត្តតាមផែនការ ដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការប្រចាំ ឆ្នាំ២០២៧។
ប្រវត្តិសាស្ត្រ និងការតស៊ូឆ្លងកាត់ការលំបាកជាមួយគ្នា បានបន្សល់ទុកនូវមរតកនៃចំណងមិត្តភាពដ៏ស្មោះត្រង់។ យើងរួមគ្នាប្តេជ្ញាការពារ ប្រវត្តិសាស្ត្រ ប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ មិនឱ្យកម្លាំងអមិត្តណាមកបំបែកបំបាក់បានឡើយ។
កងទ័ពទាំងយើងទាំងពីរកម្ពុជា-វៀតណាម នឹងពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រជាជន, ប្រទេសជាតិ និងប្រែក្លាយព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព និងការអភិវឌ្ឍរួមគ្នា ដើម្បីវិបុលភាពនៃប្រជាជាតិទាំងពីរ៕






