មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម បានរំលេចឡើងពីចំណងមិត្តភាពកងទ័ពទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយបញ្ជាក់ពីប្តេជ្ញាចិត្តពង្រឹងចំណងមិត្តភាពប្រពៃណី និងសសរស្តម្ភការពារជាតិ ឆ្ពោះទៅ «ឆ្នាំមិត្តភាព ២០២៧»។
ការរំលេចឡើងបែបនេះរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម បានធ្វើឡើងក្នុងឱ្យកាសដែលក្រសួងការពារប្រទេសវៀតណាម និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ សហការជាមួយក្រសួងការពារជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំពិធីបើក «ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦» (VIDEX CAMBODIA 2026) រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឧត្តមសេនីយ៍ឯក តាន់ ថាណា រដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកឧត្តមសេនីយ៍បម្រុង ង្វៀន ក្វាង ង៉ុក អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយស ស្ថាប័ន អង្គភាព និងធុរកិច្ចនៃប្រទេសទាំងពីរ។
ឧត្តមសេនីយ៍បម្រុង ង្វៀន ក្វាង ង៉ុក បានគូសបញ្ជាក់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធ មានទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង ដែលត្រូវបានពង្រឹងឥតឈប់ឈរក្រោមបាវចនា «ជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការ និងចីរភាពយូរអង្វែង»។ ទំនាក់ទំនងនយោបាយបន្តត្រូវបានលើកកម្ពស់ ខណៈដែលកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ត្រូវបានចាត់ទុកជាសសរស្តម្ភដ៏សំខាន់មួយដែលកាន់តែជិតស្និទ្ធ និងមានលក្ខណៈជាក់ស្តែង។
ឧត្តមសេនីយ៍បម្រុង ង្វៀន ក្វាង ង៉ុក បានបន្ថែមថា កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ តែងតែឈរស្មាគៀកស្មាគ្នាជានិច្ច មិនត្រឹមតែក្នុងអំឡុងពេលតស៊ូប្រឆាំងអាណានិគម ចក្រព័ទ្ធ និងរបបប្រល័យពូជសាសន៍នាពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិបច្ចុប្បន្ន ដើម្បីឯករាជ្យ សេរីភាព សុភមង្គលរបស់ប្រជាជន និងដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា ទោះបីជាស្ថានការណ៍ពិភពលោក និងតំបន់បន្តមានការវិវត្តយ៉ាងស្មុគស្មាញយ៉ាងណាក៏ដោយ ក៏ក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ យន្តការសន្ទនា ការគ្រប់គ្រង និងការពារព្រំដែន ការបណ្តុះបណ្តាល ព្រមទាំងការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកឯកទេសវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា។
បន្ថែមពីនេះ ឧត្តមសេនីយ៍បម្រុង ង្វៀន ក្វាង ង៉ុក បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះក៏ធ្វើឡើងស្របពេលដែលប្រទេសទាំងពីរត្រៀមរៀបចំសកម្មភាពអបអរសាទរ «ឆ្នាំមិត្តភាព វៀតណាម – កម្ពុជា ២០២៧» និងខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត (២៤.០៦.១៩៦៧ – ២៤.០៦.២០២៧)។
ដោយឡែកឧត្តមសេនីយ៍ឯក តាន់ ថាណា បានរម្លឹកឡើងពីប្រវត្តិនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាប្រពៃណីយូរអង្វែងក្នុងស្មារតីអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង រួមជាមួយការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើវិស័យការពារជាតិ។ ក្នងស្ថានការណ៍នេះអ្វីដែលគួរឱ្យកត់សម្គាល់គឺ កម្ពុជា និងវៀតណាម បន្តជ្រើសរើសយកការតភ្ជាប់កិច្ចសហប្រតិបត្តិការ និងការបំពេញឱ្យគ្នាទៅវិញ ទៅមក។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានបន្តថា កម្ពុជា និងវៀតណាម បានបង្ហាញថា ទំនាក់ទំនងរវាងក្រសួងការពារជាតិ កងទ័ព ប្រជាជន និងប្រទេសទាំងពីរ មិនត្រឹមតែបន្តរក្សាបាននូវភាពរឹងមាំ និងស្ថិរភាពនយោបាយការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ចប៉ុណ្ណោះទេប៉ុន្តែថែមទាំងកំពុងមានសន្ទុះកាន់តែខ្លាំងទាំងក្នុងទំនាក់ទំនងពាណិជ្ជ កម្មវិនិយោគ ទេសចរណ៍ការតភ្ជាប់ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនក៏ដូចជាជំរុញការផ្លាស់ប្តូរទស្សនកិច្ចរវាងយុវជន និងយុវជន និងរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ទៀតផង។
លោកឧត្តមសេនីយ៍ឯក តាន់ ថាណា បានបង្ហាញជំនឿថា ពិធីសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ការតភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦នេះ នឹងពង្រីកទំនាក់ទំនងរវាងរដ្ឋាភិបាលកងទ័ព និងប្រជាជនប្រទេសទាំងពីរទទួលបានសន្ទុះថ្មីមួយទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបយោធាជាន់ខ្ពស់ ជាបន្តបន្ទាប់នៃប្រទេសទាំងពីរ។ ការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបជាន់ខ្ពស់ដ៏ញឹកញាប់នេះឆ្លុះបញ្ចាំងពីទំនុកចិត្តនយោបាយដ៏រឹងមាំ និងឆន្ទៈរួមរបស់ប្រទេសទាំងពីរ ក្នុងការបន្តពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អមិត្តភាព ជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ព្រមទាំងជំរុញទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ លោកឧត្តមសេនីយ៍ឯក តាន់ ថាណា បានបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋាភិបាលប្រទេសទាំងពីរ​​ ក៏បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី​​​ ឱ្យកាន់តែរីកចម្រើនថែមទៀតនាពេលខាងមុខ តាមរយៈការទំនាក់ទំនងដ៏ស៊ីជម្រៅ និងសក្តានុពលរបស់ប្រទេសទាំងពីរហើយថ្នាក់ដឹកនាំរដ្ឋាភិបាលប្រទេសទាំងពីរ​ មានជំនឿជឿជាក់ថាគោលដៅនេះជាជំហានមួយដែលអាចនឹងសម្រេចបានទៅតាមសក្តានុពលដែលពង្រីកបានច្រើនជាងនេះថែមទៀត៕

You might also like