កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ

(ហាណូយ, វៀតណាម)៖ កងទ័ពកម្ពុជា វៀតណាម និងឡាវ បានធ្វើសមយុទ្ធរួមគ្នា ដើម្បីបង្កើនសមត្ថភាព​ជួយ​សង្គ្រោះប្រជា​ពល​រដ្ឋពីគ្រោះមហន្តរាយ។ កម្ពុជា វៀតណាម និងឡាវ ជាប្រទេសមានព្រំដែនជាប់គ្នា ហើយមានប្រជាពលរដ្ឋច្រើនរស់នៅតាមព្រំដែន។ ការធ្វើសមយុទ្ធនេះ​មានគោលបំណងកែលម្អការ​រៀប​ចំ​បញ្ជាការ និងការសម្របសម្រួលរវាងយោធាទាំងបីប្រទេស ក្នុងការសង្គ្រោះគ្រោះមហន្តរាយ និងការឆ្លើយតប​នឹង​គ្រោះមហន្តរាយធម្មជាតិ។ ការធ្វើសមយុទ្ធនេះ ជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ​ក្នុងការការពារ​ស៊ីវិល រក្សាសន្តិសុខនយោបាយ និងជួយកសាងសន្តិភាពក្នុងតំបន់។
សមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា វៀតណាម និងឡាវ បានប្រព្រឹត្តទៅនៅកងពលតូចលេខ២៤៩ នៃកងវិស្វ​កម្មរបស់វៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។ សម​យុទ្ធ​នេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលសម្រេចបានដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី ក្នុង​កិច្ចប្រជុំឆ្នាំ២០១៩ ក៏ដូចជាផែនការសហប្រតិបត្តិការការពារជាតិឆ្នាំ២០២៦ រវាងវៀតណាម និងឡាវ និង​រវាងវៀតណាម និងកម្ពុជា។

You might also like