ក្មេងទំនើង៣នាក់ ធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវយ៉ាងអនាធិបតេយ្យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបាន និងយកមកអប់រំណែនាំ
(កំពង់ស្ពឺ)៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើង ៣នាក់ ដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈ ដែលជាហេតុបង្កឱ្យមានភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជុំវិញ យកមកអប់រំណែនាំ និងដកហូតយកម៉ូតូមករក្សាទុករយៈពេល ៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ប្រតិបត្តការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ជាក់ស្តែងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ កម្លាំងអង្គភាពនគរបាលយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបាននាំខ្លួនជនសង្ស័យចំនួន ២នាក់, ទី១៖ ឈ្មោះ ចាន់រ៉ា វ៉ាន់ឌី ភេទប្រុស អាយ ១៧ឆ្នាំ មុខរបរបញ្ចូលហ្គាស និងទី២៖ សៅ សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរលើអីវ៉ាន់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២២៖៣០នាទី ស្ថិតនៅចំណុចភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូ ចំនួន ១គ្រឿង និងទូរស័ព្ទចំនួន ២គ្រឿង។
ចំណែកក្មេងទំនើងម្នាក់ទៀត ត្រូវបានកម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងនាំខ្លួនជនសង្ស័យមានឈ្មោះ យន់ វុទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ០០:០៤នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងចាប់យកវត្ថុតាងបានរួមមាន ម៉ូតូចំនួន ១គ្រឿង និងទូរសព្ទចំនួន ១គ្រឿងថែមទៀត។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានយកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ដោយបានដកហូតម៉ូតូ យកមករក្សាទុករយៈពេល៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕






