កងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន
ទីក្រុងហូជីមីញ៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម វូ ជុងគៀន មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម បានធ្វើជាសហប្រធានកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែនឆ្នាំ២០២៦ និងកំណត់ទិសដៅឆ្នាំ២០២៧។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការកន្លងមក និងឯកភាពបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន ការល្បាតរួម ការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែន ព្រមទាំងការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការមនុស្សធម៌។ ភាគីទាំងពីរក៏បានបញ្ជាក់ពីការបន្តសហការ និងគាំទ្រស្ថាប័នមានសមត្ថកិច្ចក្នុងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ស្របតាមឯកសារគតិយុត្ត រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសជឿទុកចិត្ត សំដៅបន្តថែរក្សាព្រំដែនកម្ពុជា–វៀតណាម ប្រកបដោយ សន្តិភាព មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។






