ក្មេងស្រីម្នាក់ ត្រូវឪពុកម្តាយបញ្ជាក់ថា ស្លាប់ កំពុងធ្វើបុណ្យ ស្រាប់តែងើបឆ្ងក់ពីមឈូស ផ្អើលពេញរោងបុណ្យ
កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៦ កន្លងទៅ មានហេតុការណ៍ដ៏មិនគួរឱ្យនឹកស្មានមួយបានកើតឡើងនៅក្នុងប្រទេសក្វាតេម៉ាឡា (Guatemala) ដោយមានក្មេងស្រីវ័យ ១៥ ឆ្នាំម្នាក់បានស្លាប់ហើយ ស្រាប់តែបើកភ្នែក និង ងើបពីមឈូសស្តែងៗនៅក្នុងពិធីបុណ្យសពរបស់ខ្លួន។
តាមព័ត៌មានបានឱ្យដឹងថា ក្មេងស្រីរូបនោះមានឈ្មោះថា Yuleidi Ixcotoyac ហើយកាលពីថ្ងៃទី ១០ ខែតុលា កន្លងទៅ នាងមានអាការមិនស្រួលខ្លួនខ្លាំង ទើបឪពុកប្រញាប់ប្រញាល់ដឹកនាងទៅកាន់មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ប៉ុន្តែជាអកុសលនាងបានសន្លប់បាត់ស្មារតីនៅក្នុងរថយន្តពាក់កណ្តាលផ្លូវ។ ឃើញបែបនេះ ឪពុករបស់នាងបានឈប់រថយន្តជាបន្ទាន់ដើម្បីត្រួតពិនិត្យមើលអាការកូនស្រី តែដោយសារលោកមិនអាចស្ទាបដឹងពីចង្វាក់ដង្ហើមរបស់កូន ទើបលោកសន្និដ្ឋានដោយខ្លួនឯងថាកូនស្រីជាទីស្រឡាញ់បានស្លាប់បាត់បង់ជីវិត។
ដោយក្តីសោកសង្រេង ឪពុកបានសម្រេចចិត្តដឹកសពកូនស្រីត្រឡប់មកផ្ទះវិញ និង បានរៀបចំចាត់ចែងធ្វើពិធីបុណ្យសពនៅរសៀលថ្ងៃដដែលនោះតែម្តង ដោយមិនបានបញ្ជូនសពទៅឱ្យគ្រូពេទ្យពិនិត្យដើម្បីបញ្ជាក់ពីការស្លាប់ឡើយ ហើយក៏មិនមានការចេញលិខិតមរណភាពជាផ្លូវការមុនពេលរៀបចំពិធីបុណ្យសពនោះដែរ។
ចំណែកឯអ្នកស្រី Lesvia Rios ដែលជាម្តាយបានរៀបរាប់ថា ខណៈពេលដែលអ្នកស្រីកំពុងឈរយំសោកសង្រេងនៅក្បែរមឈូស អ្នកស្រីស្រាប់តែសង្កេតឃើញកូនស្រីចាប់ផ្តើមរើខ្លួនបន្តិចម្តងៗ ហើយក៏ស្រាប់តែដឹងខ្លួន និង ងើបអង្គុយឡើងតែម្តង។
ក្រោយពីដឹងខ្លួន ក្មេងស្រីខាងលើបានរៀបរាប់ថា មុនពេលនាងសន្លប់បាត់ស្មារតី នាងមានអារម្មណ៍ថាចុកទ្រូងយ៉ាងខ្លាំង និង ថប់ដង្ហើមរហូតដល់ងងឹតមុខឈឹង។ នាងជឿជាក់ថាហេតុការណ៍ដែលនាងរស់ឡើងវិញនេះ គឺជាអព្ភូតហេតុដ៏អស្ចារ្យ ហើយនាងពិតជាដឹងគុណព្រះជាម្ចាស់ដែលបានផ្តល់ឱកាសរស់រានមានជីវិតដល់នាងម្តងទៀត។
បច្ចុប្បន្ន Yuleidi កំពុងសម្រាកសង្គ្រោះកម្លាំងនៅផ្ទះ ខណៈដែលអាជ្ញាធរសុខាភិបាលនៅមិនទាន់ចេញមុខបកស្រាយពីមូលហេតុវេជ្ជសាស្ត្រដែលធ្វើឱ្យនាងសន្លប់រហូតដល់ថ្នាក់ឪពុកគិតថាស្លាប់នោះនៅឡើយទេ៕






