ដំណើរឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (ប្រទេស​និយាយ​ភាសា​បារាំង) លើកទី២០ នៅរាជធានីភ្នំពេញ។ ដើម្បីនាំមកនូវកិត្តិយស សេចក្តីថ្លៃថ្នូរសម្រាប់ជាតិ ថ្នាក់ដឹកនាំជាតិគ្រប់ភ្នែកកំពុងផ្ចិតផ្ចង់សម្រិតសម្រាំងយ៉ាងខ្លាំង ដើម្បីបដិសណ្ឋារកិច្ចមេដឹកនាំ​កំពូលប្រទេសនានាអញ្ជើញមកកាន់កម្ពុជា ដែលក្នុងនោះមានប្រធានាធិបតីបារាំង លោក ម៉ាក្រុង ដែរ។

នេះជារូបភាពបង្ហាញនូវទិដ្ឋភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី អមដោយលោកឧបនាយក​រដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ភឿង សក្កុណា រដ្ឋមន្ត្រីក្រសួងវប្ប​ធម៌ និងវិចិត្រសិល្បៈ កំពុងពិនិត្យការហាត់សមរបស់ក្រុមសិល្បៈ ដើម្បីត្រៀមសម្តែង​បង្ហាញ​ដល់មេដឹកនាំ និងប្រតិភូ ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ ប្រធានាធិបតីបារាំង ប្រធានាធិបតីរ៉ូម៉ានី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់មកពីប្រទេសនិយាយភាសាបារាំងនៅអឺរ់ុប អាហ្វ្រិក អាមេរិក និងអាស៊ី-ប៉ាស៊ីហ្វិក ជាច្រើនរូប នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

នេះជាកិត្តិយស និងជាឱកាសផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក។ មិនត្រឹមវប្បធម៌ តែ ផ្សព្វផ្សាយឱ្យពិភពលោកបានជ្រាបពីសន្តិសុខ សុវត្ថិភាពរបស់កម្ពុជា។

យើងជាប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាចូលរួមបដិសណ្ឋារកិច្ចមេដឹកនាំបរទេស និងបង្ហាញនូវវប្បធម៌ដ៏ស្រស់ផូរផង់របស់យើង៕

You might also like