ករណីបុរសម្នាក់ផឹកស្រាស្រវឹងអុកឡុកក្នុងហាងផឹកស៊ី និងជេរទៅលើកម្លាំងសមត្ថកិច្ច នៅភូមិទួលសង្កែ ដោះស្រាយបញ្ចប់ត្រឹមសុំទោស
ភ្នំពេញ៖ ករណីបុរសម្នាក់ផឹកស្រាស្រវឹងអុកឡុកក្នុងហាងផឹកស៊ី និងជេរទៅលើកម្លាំងសមត្ថកិច្ច នៅចំណុចផ្លូវ៩៩ ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពី យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា ក្រោយកើតមានរឿងហេតុខាងលើរួច មក នៅវេលាម៉ោង១១ព្រឹក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានកោះហៅភាគីពាក់ព័ន្ធទាំងសងខាង ទៅធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១។
ភាគីទី១ ជាជនរងគ្រោះ ឈ្មោះ មើក សុខជា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (ម្ចាស់ហាង) មានទីលំនៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
ភាគីទី២ មានគ្នា០៣នាក់ ក្នុងនោះរួមមានឈ្មោះ ជួនវីរ: វិទូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ( មានជំងឺទាក់ទងនឹងបញ្ហាប្រព័ន្ធប្រសាទ ) យោងតាមលិខិតបញ្ជាក់លេខ HS-100997 ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ ទី២ឈ្មោះ វុឌ្ឍ វណ្ណាវត្តី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។ ទី៣ ឈ្មោះ លី សុនីតា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។ អ្នកទាំង០៣នាក់ មានទីលំនៅ បន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
ក្រោយពីសមត្ថកិច្ចសួរនាំ ភាគីទាំងពីរនោះហើយ ពួកគេក៏បានសម្របសម្រួល និងរកដំណោះស្រាយជាមួយគ្នាហើយបានសម្រេចឯកភាពគ្នា មិនប្តឹងប្តល់គ្នានោះទេ សូមបញ្ចប់រឿង និងស្នើសុំសមត្ថកិច្ច សម្របសម្រួលបញ្ចប់រឿង ដោយភាគីទី២ ( មានគ្នា០៣នាក់ ) បានទទួលស្គាល់កំហុស និងធ្វើការសុំទោសទៅកាន់ ភាគីទី១ (ម្ចាស់ហាង) ព្រមទាំងសុំទោសសមត្ថកិច្ច និងជាសារធារណ:លើកំហុសឆ្គងរបស់ពួកខ្លួន ៕






