កម្លាំងចម្រុះខេត្តកណ្តាលជិត ១០០នាក់ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំ នៅអតីតឡូត៍លេខ១១ ដកហូតឧបករណ៍នេសាទរាប់ម៉ឺនម៉ែត្រ
ខេត្តកណ្តាល៖ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ស្នងការនគរបាលខេត្តកណ្តាល ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកណ្តាល កម្លាំងចម្រុះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចអតីតឡូត៍នេសាទលេខ១១ ក្នុងភូមិសាស្ត្រព្រំប្រទល់ក្រុង-ស្រុកចំនួន៣ រួមមាន៖ ស្រុកលើកដែក, ក្រុងសំពៅពូន និង ស្រុកកោះធំ ខេត្តកណ្ដាល ដែលប្រតិបត្តិការនេះបានធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ។
លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានឱ្យដឹងថា៖ កម្លាំងស្នងការនគបាលខេត្ត សហការជាមួយកម្លាំងវរៈការពារព្រំដែនគោកលេខ ៦០៥, គណៈបញ្ជាការឯកភាពស្រុកលើកដែក ព្រមទាំងមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលក្រុងសំពៅពូន, ស្រុកកោះធំ និងកម្លាំងសង្កាត់រដ្ឋបាលជលផល បានធ្វើការបង្ក្រាប និងដកហូតបានវត្ថុតាង និងរួមផ្សំការស្ម័គ្រចិត្តរុះរើដោយខ្លួនឯងពីប្រជានេសាទ សរុបរួមមាន៖ លូស្បៃមុង ចំនួន៣៦៥ មាត់, របាំងព្រួលស្បៃមុង ប្រវែង១៣,៧១៥ម៉ែត្រ, បង្គោលតូចធំ ចំនួន៦,៤០០ដើម, លបព្រឹស១០០ (លបឆ្កួត) ចំនួន៤៤០ខ្សែ (ស្មើនឹង ៤,៤០០ ម៉ែត្រ), និងបានបានលែងត្រីចម្រុះ ចំនួន ៥៣០ គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញភ្លាមៗ។
លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរង បន្តថា វត្ថុតាងដែលដកហូតបានត្រូវបានកម្លាំងចម្រុះ ធ្វើការបំផ្លាញចោលនៅកន្លែងជាក់ស្តែង និងមួយចំនួនទៀតត្រូវបានយកទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលលើកដែក ដើម្បីរង់ចាំការអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។ ជាមួយគ្នានោះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការអប់រំណែនាំដល់ប្រជានេសាទចំនួន ១៦គ្រួសារ ឱ្យពួកគាត់បញ្ឈប់រាល់ការនេសាទខុសច្បាប់ ដោយប្រើប្រាស់ឧបករណ៍ដែលច្បាប់ហាមឃាត់ដាច់ខាត និងបានណែនាំឱ្យប្រើប្រាស់តែមងដែលមានក្រឡាចាប់ពី ១.៥ សង់ទីម៉ែត្រឡើងទៅតែប៉ុណ្ណោះ ដើម្បីចូលរួមថែរក្សាការពារធនធានមច្ឆជាតិឱ្យបានគង់វង្ស៕






