ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការងាររៀបចំឯកសារជំនួយស្មារតីយុទ្ធសាស្រ្តបម្រើអោយការងារបោះឆ្នោតនាពេលខាងមុខ
រាជធានីភ្នំពេញ, នារសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ នៅវិមាន៧មករា, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការងាររៀបចំឯកសារជំនួយស្មារតីយុទ្ធសាស្រ្តបម្រើអោយការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនាអាណត្តិទី៦ ឆ្នាំ២០២៧ ពេលខាងមុខ។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យ និងផ្តល់ធាតុចូលលម្អិតលើការកំណត់ប្រធានបទ ការចាត់ថ្នាក់លំដាប់អាទិភាព ព្រមទាំងការរៀបចំគ្រោងឆ្អឹងស្តង់ដារ និងបច្ចេកទេសនៃការសរសេរ សម្រាប់ឯកសារជំនួយស្មារតីរបស់យុវជនគណបក្សថ្នាក់កណ្តាលនេះ សំដៅធានាឱ្យក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់ យកទៅប្រើប្រាស់ទប់ស្កាត់ការឃោសនាអកុសលរបស់មជ្ឈដ្ឋានប្រឆាំង ។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមបណ្ឌិត ពៅ ប៉ូលីណែល ប្រធានផ្នែកយុទ្ធសាស្ត្រ, ឯកឧត្តម ទួន យ៉ាត ប្រធានផ្នែកឃោសនាអប់រំ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតនៃយុវជនគណបក្សថ្នាក់កណ្តាល។






