ក្មេងទំនើងពីរនាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ឃាត់ខ្លួនយកមកអប់រំណែនាំ
កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈដែលជាហេតុបង្កអោយមានភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្កភាពអណាធិបតេយ្យ ខូចសណ្តាប់ធ្នាប់សង្គម ជាបន្តបន្ទាប់យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្តបន្ទាប់នាពេលកន្លងមក។
ជាក់ស្តែង កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី១មានឈ្មោះ ញាន សាយ ភេទប្រុស អាយ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី២ឈ្មោះ លឹម គីមផាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ដូរ ជាប់ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១:៥០នាទី នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅចំណុចមុខការ៉ាសសាំង Total តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិស្នោរ១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុតាងរួមមាន:ម៉ូតូចំនួន០១គ្រឿង និងទូរស័ព្ទចំនួន២គ្រឿង។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០២នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានយកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ដោយបានដកហូតម៉ូតូយកមករក្សាទុករយៈពេល០៣ខែនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
សារដាស់តឿនរបស់លោកឧត្តមសេនីយ៍ត្រីម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនកូនក្មួយត្រូវចងចាំថា
-បង្ហោះម៉ូតូមួយភ្លែត អាចដេកពេទ្យមួយជីវិត៖កុំប្តូរអនាគតដ៏ភ្លឺស្វាងរបស់អ្នក ជាមួយភាពសប្បាយរំភើបតែមួយឆាវ
-ឡូយខុសរបៀប នាំទុក្ខដល់ម៉ែឪ៖ការបង្ហោះម៉ូតូមិនមែនជាភាពអង់អាចទេ តែវាជាការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ
-ផ្លូវថ្នល់មិនមែនជាកន្លែងសម្តែង៖បើចង់បង្ហាញសមត្ថភាព គួររកទីលានប្រកួតត្រឹមត្រូវ កុំយកជីវិតទៅប្រថុយលើផ្លូវសាធារណៈ
-ស្រឡាញ់ម៉ូតូ ត្រូវស្រឡាញ់ជីវិត៖ម៉ូតូបាក់អាចទិញថ្មីបាន តែជីវិតនិងអវយវៈមិនមានលក់នៅលើទីផ្សារឡើយ៕






