ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើ «ការរៀបចំកំណត់ និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈ»

នៅសាលប្រជុំទីស្តីការក្រសួង ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងធនធានទឹក និងឧតុនិយម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្ត ស្តីពី «ការរៀបចំកំណត់ និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈ» សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។
សូមជម្រាបថា កិច្ចប្រជុំនេះបានផ្តោតលើការពិភាក្សាយ៉ាងលម្អិត បន្ថែមលើការកំណត់មុខតំណែង និងការរៀបចំសេចក្តីពិពណ៌នាមុខតំណែងវិជ្ជាជីវៈក្នុងក្របខណ្ឌស្ថាប័នទាំងបី ដើម្បីប្រើប្រាស់ជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ក្នុងការបញ្ជាក់ឱ្យបានច្បាស់លាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ទៅតាមមុខតំណែងនីមួយៗ។
នាឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការរៀបចំកំណត់ និងពិពណ៌នាមុខតំណែងឱ្យបានច្បាស់លាស់ និងប្រកបដោយលក្ខណៈវិទ្យាសាស្ត្រនេះ គឺមានសារៈសំខាន់ក្នុងការគាំទ្រដល់ការគ្រប់គ្រង ការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការបង្កើនប្រសិទ្ធភាពនៃការបំពេញការងារជំនាញ ឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់ស្ថាប័ន ក្នុងដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ៕

You might also like