សកម្មភាពមនុស្សធម៌៖ លោក ហាវី នាំយកថវិកាចំនួន ១,៧៦៥ ដុល្លារអាមេរិក ឧបត្ថម្ភដល់លោក កែម ចាន់តារ៉ា ដែលកំពុងសម្រាកព្យាបាលជំងឺធ្ងន់ធ្ងរនៅមន្ទីរពេទ្យ
នារសៀលថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
លោក ហាវី អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន បាននាំយកថវិកាចំនួន ១,៧៦៥ ដុល្លារអាមេរិក ដែលជាការចូលរួមឧបត្ថម្ភដោយទឹកចិត្ត និងស្មារតីសាមគ្គីភាពពីសំណាក់ក្រុមការងារ ជូនដល់លោក កែម ចាន់តារ៉ា ដើម្បីជួយសម្រួលដល់ការចំណាយក្នុងការព្យាបាលជំងឺ និងកាត់បន្ថយបន្ទុកមួយចំនួនរបស់ក្រុមគ្រួសារ ក្នុងអំឡុងពេលដ៏លំបាកនេះ។
សូមជម្រាបជូនថា លោក កែម ចាន់តារ៉ា គឺជាអនុប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន។ បច្ចុប្បន្ន លោកកំពុងមានជំងឺធ្ងន់ធ្ងរ និងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ ដោយត្រូវការការថែទាំ និងការយកចិត្តទុកដាក់យ៉ាងដិតដល់។
សកម្មភាពមនុស្សធម៌នេះបានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព ការចេះជួយយកអាសាគ្នា និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់សមាជិកក្នុងក្រុមការងារតែមួយ។
ទោះបីស្ថិតនៅឆ្ងាយពីមាតុភូមិក៏ដោយ ក៏ទឹកចិត្តស្រឡាញ់ ការចែករំលែក និងការជួយគ្នាទៅវិញទៅមក នៅតែជាកម្លាំងដ៏សំខាន់ក្នុងការផ្សារភ្ជាប់សាមគ្គីភាពរបស់បងប្អូនខ្មែរយើងនៅក្រៅប្រទេស។
ជាចុងក្រោយ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា និងប្រទានពរជ័យដល់លោក កែម ចាន់តារ៉ា ឱ្យឆាប់បានជាសះស្បើយ មានសុខភាពល្អប្រសើរឡើងវិញ និងបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារដោយសុវត្ថិភាពក្នុងពេលឆាប់ៗនេះ។






