ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបមេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-រុស្ស៊ី
ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ Markovchin Sergei មេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី ទទួលបន្ទុកការងារយោធា និងនយោបាយ ក្នុងឱកាសដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី ដែលនៅឆ្នាំ២០២៦នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងកងទ័ពរុស្ស៊ី ដែលបានរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា និងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ លើជំនាញយោធាជាច្រើន។
ឯកឧត្តមអគ្គមេបញ្ជាការបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ លើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច និងព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឆបោកតាមបច្ចេកវិទ្យា ព្រមទាំងកិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព និងការធ្វើលំហាត់សមយុទ្ធយោធារួម។
ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ Markovchin Sergei បានសម្តែងសេចក្តីរីករាយចំពោះការបំពេញទស្សនកិច្ចនៅកម្ពុជា និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។
ជំនួបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងរុស្ស៊ី ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ៕






