រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ស្នើឱ្យការបង្កើតក្របខ័ណ្ឌការពារជាតិថ្មីមួយរវាងអាមេរិក និងអាស៊ាន នៅឯកិច្ចប្រជុំក្នុងប្រទេសហ្វីលីពីន

ហ្វីលីពីន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានស្នើឱ្យមានការបង្កើតក្របខ័ណ្ឌការពារជាតិថ្មីមួយរវាងសហរដ្ឋអាមេរិក និងអាស៊ាន ដែលមានលក្ខណៈប្រកបដោយមហិច្ឆតា និងបានថ្លែងប្រាប់បណ្តាមេដឹកនាំនៃប្លុកថា ក្របខ័ណ្ឌនេះអាចជួយពួកគេ ឱ្យឆ្លងកាត់ពេលវេលាសំខាន់បំផុតបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦។លោក Hegseth ដែលបានថ្លែងមុនជំនួបនៃបណ្តាប្រមុខការពារជាតិមកពីសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (ASEAN) នៅទីក្រុង Cebu នៃប្រទេសហ្វីលីពីន បានកោតសរសើរចំពោះអ្វីដែលលោកហៅថា «ការអនុវត្តជាក់ស្តែង» និង «ស្មារតីជាតិនិយមដ៏គួរឱ្យមោទន» នៅក្នុងតំបន់នេះ។លោកបានគូសបញ្ជាក់ថា «យើងមិនអាចយល់ស្របគ្នាគ្រប់រឿងទេ ហើយក៏មិនចាំបាច់ត្រូវតែយល់ស្របគ្នាគ្រប់រឿងដែរ។ ពេលដែលយើងសម្លឹងទៅអនាគតសម្រាប់តំបន់ ខ្ញុំចង់ឱ្យយើងមានមហិច្ឆតាកាន់តែធំជាង។ សូមឱ្យយើងធ្វើការរួមគ្នា ដើម្បីបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការការពារជាតិរវាងអាមេរិក និងអាស៊ាន។ ក្របខ័ណ្ឌជាក់ស្តែងមួយ ដែលតម្រង់ទិសកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ខ្ញុំសូមសង្កត់ធ្ងន់ថាប៉ុន្មានឆ្នាំទៅមុខ គឺជាពេលសំខាន់ខ្លាំងណាស់»។យ៉ាងនេះក្តី លោក Hegseth មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ជុំវិញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការការពារជាតិនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានខិតខំពង្រឹងភាពជាដៃគូផ្នែកការពារជាតិនៅក្នុងតំបន់ ដោយលើកឡើងពីភាពចាំបាច់ក្នុងការរក្សានូវអ្វីដែលខ្លួនហៅថា «ឥណ្ឌូ-ប៉ាស៉ីហ្វិកសេរី និងបើកចំហ» ខណៈដែលចិនកាន់តែបង្ហាញឥទ្ធិពល និងអំណាចយោធានៅក្នុងតំបន់។

You might also like