ឧបទ្ទវហេតុរថភ្លើងនៅអេស្ប៉ាញ អ្នកស្លាប់កើនឡើងដល់ជិត៧០នាក់ និងរបួសជាង១០០នាក់
អាជ្ញាធរបាននិយាយថា ឧបទ្ទវហេតុរថភ្លើងល្បឿនលឿនបុកគ្នានៅភាគខាងត្បូងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃពុធ ទី ២៨ ខែតុលា បានបណ្តាលឱ្យអ្នកស្លាប់កើនឡើងដល់៦៨នាក់ និងច្រើននាក់ទៀតរងរបួស ដែលនេះជាមហន្តរាយមានមនុស្សស្លាប់ច្រើនបំផុតមួយនៅទ្វីបអឺរ៉ុបក្នុងសតវត្សរ៍នេះ។
នេះជាគ្រោះថ្នាក់លើកទី ២ បានកើតឡើងនៅក្នុងប្រទេសអេស្ប៉ាញក្នុងឆ្នាំនេះដែលធ្វើឱ្យមានសំណួរថ្មីៗជុំវិញសុវត្ថិភាពផ្លូវរថភ្លើងនៅក្នុងប្រទេសនេះ ដោយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបាននិយាយពីកំហុស និងកាលៈទេសៈពុំអាចពន្យល់បានដែលនាំឱ្យមានគ្រោះថ្នាក់កើតឡើង។
អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បានឃើញរថភ្លើងមួយគ្រឿងបុកជាមួយរថភ្លើងមួយគ្រឿងទៀត ហើយទូរថភ្លើងមួយចំនួនបានក្រឡាប់ដោយមានបំណែកបាក់បែក។ រថយន្តរបស់ក្រុមសង្គ្រោះបន្ទាន់នៅតែបន្តដំណើរការចេញចូលឥតឈប់ឈរនៅពេលយប់ ខណៈក្រុមអ្នកជួយសង្គ្រោះបានប្រើប្រាស់យានដ្រូន ភ្លើងបំភ្លឺ និងរថយន្តស្ទូច ដើម្បីលើកយកបំណែកដែកដែលខូចខាត និងស្វែងរកជនរងគ្រោះបន្ថែមទៀតនៅក្នុងអាកាសធាតុត្រជាក់។
អ្នកនាំពាក្យម្នាក់មកពីរដ្ឋបាលតំបន់ Castilla-La Mancha បានប្រាប់សារព័ត៌មាន AFP ថា មនុស្សជាង ១០០ នាក់បានរងរបួសដោយក្នុងចំណោមនេះ មនុស្ស ៥៨ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយ ១៥ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។






