កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នៅស្រុកជុំគិរី ខេត្តកំពត ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តកំពត៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រៃឃ្ជាយ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំពីលោកស្នងការរងនគរបាលខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាយអញ្ជិត ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។
វត្ថុតាងដកហូតរួមមាន៖
• ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ២កញ្ចប់
• ម៉ូតូ ចំនួន ១គ្រឿង
• ទូរស័ព្ទដៃ ចំនួន ៣គ្រឿង
• ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕






