ថៃព្រមានថា បាងកកនិងខេត្តចំនួន៧ទៀត ប្រឈមគ្រោះទឹកជំនន់ ភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ដល់ថ្ងៃទី៦ ខែវិច្ឆិកា
ថៃឡង់ដ៍៖ នៅថ្ងៃអាទិត្យ ទី ១ ខែវិច្ឆិកា ការិយាល័យធនធានទឹកថៃ (ONWR) បានចេញសេចក្តីព្រមានដល់រាជធានីបាងកក និងខេត្តចំនួន ៧ ទៀត រួមមាន ឆាឈឿងសាវ (Chachoengsao), សមុទ្រប្រាកាន (Samut Prakan), នន្ទបុរី (Nonthaburi), បទុមធានី (Pathum Thani), សមុទ្រសាគរ (Samut Sakhon), នគរភ្នំ (Nakhon Pathom) និងសមុទ្រសង្គ្រាម (Samut Songkhram) ឱ្យត្រៀមខ្លួនទប់ទល់នឹងទឹកជំនន់ដែលអាចកើតមាន ចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ដោយសារតែឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់មកពីប្រទេសចិន បង្កើតជាខ្យល់និងរលកខ្លាំង រុញច្រានកម្ពស់ទឹកសមុទ្រឱ្យឡើងខ្ពស់ចូលតាមមាត់ទន្លេសំខាន់ៗ។
សហគមន៍ដែលរស់នៅតាមដងទន្លេក្រៅទំនប់ការពារ និងកំណាត់ផ្លូវធំៗមួយចំនួន អាចប៉ះពាល់ខ្លាំង ខណៈដែលប្រទេសថៃក៏កំពុងប្រឈមនឹងអាកាសធាតុប្រែប្រួល មានភ្លៀងធ្លាក់រាយប៉ាយ និងខ្យល់កន្ត្រាក់រហូតដល់ថ្ងៃទី ៦ ខែវិច្ឆិកា។ ទន្ទឹមនឹងនេះ បរិមាណទឹកក្នុងអាងស្តុកទឹកធំៗទូទាំងប្រទេសបានកើនឡើងដល់ ៨២% នៃសមត្ថភាពផ្ទុក ដែលតម្រូវឱ្យអាជ្ញាធរជំនាញ និងប្រជាពលរដ្ឋក្នុងតំបន់ងាយរងគ្រោះ ត្រូវយកចិត្តទុកដាក់តាមដានកម្ពស់ទឹក៕






