អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៖ រយៈពេល១១ថ្ងៃ កម្ពុជាបានបណ្ដេញចេញជនបរទេសខុសច្បាប់ចំនួន៥៤០នាក់ សរុប២២សញ្ជាតិ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៥៤០នាក់ (ស្រី ១១៥នាក់) មាន ២២សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។ ជនបរទេសទាំង ២២សញ្ជាតិ រួមមាន៖ ឥណ្ឌូនេស៊ី វៀតណាម ចិន ហ្វីលីពីន ថៃ ប៉ាគីស្ថាន នីហ្សេរីយ៉ា បង់ក្លាដេស កូរ៉េ កាមេរូន ចិនតៃវ៉ាន់ យ៉ូហ្គង់ដា រុស្ស៊ី អង់គ្លេស ម៉ាឡេស៊ី លីប៊េរីយ៉ា សេរ៉ាឡេអូន ឡាវ ឥណ្ឌា កាហ្សាក់ស្ថាន ហ្គាណា អ៊ូបេគីស្ថាន ក្នុងចំណោមនោះ មាន៖
-ជនជាតិឥណ្ឌូនេស៊ី ចំនួន ១៤៤នាក់ (ស្រី១៦នាក់) ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
-ជនជាតិវៀតណាម ចំនួន ៣៦នាក់ (ស្រី ១២នាក់) ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង (ខេត្តត្បួងឃ្មុំ)។
ចំណែកជនបរទេសផ្សេងៗទៀត ត្រូវបានបណ្ដេញចេញបន្ទាប់ពីសមត្ថកិច្ចរកឃើញថា បានប្រព្រឹត្តបទល្មើសដូចជា៖ ការលួចឆ្លងដែនខុសច្បាប់ បន្លំឯកសារ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ) ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ត្រូវបានបណ្ដេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ៕

You might also like