សម្ដេចធិបតី៖ ព្រឹត្តិការណ៍ពីព័រណ៍មួយសតវត្សរ៍នៃបណ្ណសារដ្ឋានជាតិ គឺមិនត្រឹមតែជាការរំលឹកនូវអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាថ្លែងការណ៍ជាតិដ៏សំខាន់

«ភ្នំពេញ» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ពីព័រណ៍មួយសតវត្សរ៍នៃបណ្ណសារដ្ឋានជាតិ គឺមិនត្រឹមតែជាការរំលឹកនូវអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាថ្លែងការណ៍ជាតិដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិរក្ស ការថែទាំ ការធ្វើទំនើបកម្មមរតកបេតិកភណ្ឌ និងការចងចាំរបស់ជាតិ។ ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការរៀបចំពិព័រណ៍នេះបានប្រែក្លាយបរិវេណប្រវត្តិសាស្ត្រនៃបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិឱ្យទៅជាបរិវេណបេតិកភណ្ឌសាធារណៈ ដែលរយៈពេលមួយខែពេញ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងអំពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាកេរមរតកឯកសារបណ្ណសារ ដែលជាទ្រព្យសម្បត្តិ និងជាខណ្ឌខ្សែច្រវ៉ាក់នៃការចងចាំរបស់ជាតិមិនអាចឱ្យបាត់បង់ ឬខូចខាតបាន ដូចសុភាសិតខ្មែរបានរំលេចថា «ដើមឈើមានឫសទើបឈរបាន» ឯកសារបណ្ណទាំងនេះហើយ គឺជាឫសកែវនៃអត្តសញ្ញាណ និងចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងត្រូវខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីថល ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
សូមជម្រាបថា បណ្ណសារដ្ឋានជាតិត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩២៦ គិតមកត្រឹមឆ្នាំ២០២៦នេះមានអាយុកាល១០០ឆ្នាំហើយ។ ឆ្លងកាត់រយៈពេលនេះឯកសារដែលនៅសេសសល់បានប្រឈមមុខនឹងហានិភ័យធម្មជាតិយ៉ាងធ្ងន់ធ្ងរពីសំណើមនៃតំបន់ក្ដៅ ផ្សិត ការខូចខាតដោយ សារទឹក និងសត្វល្អិតបំផ្លាញ។ តែបច្ចុប្បន្ននេះបណ្ណសារដ្ឋានជាតិនៃកម្ពុជាប្រតិបត្តិការជាស្ថាប័នសាធា
រណៈទំនើបមួយដោយរក្សាតុល្យភាពរវាងការអភិរក្សឯកសារចាស់ៗ និងភាពច្បាស់លាស់នៃប្រព័ន្ធឌីជីថល តាមរយៈជំហានបច្ចេកទេសជាច្រើន ដោយរាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់លើការថែរក្សា ជួសជុលនូវឯកសារ និងធ្វើទំនើបកម្មជាបន្តបន្ទាប់ ព្រោះឯកសារដែលតម្កល់ និងថែរក្សានៅក្នុង
បណ្ណសារដ្ឋានជាតិគឺជាបេតិកភណ្ឌជាតិ ជារតនវត្ថុសំខាន់សំផុតរបស់ជាតិ ដែលជាឯកសារប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ហើយជាប្រភពនៃការសិក្សាស្រាវជ្រាវជាតិ ពិសេសជាភស្តុតាងមានតម្លៃគតិយុត្ត។
សម្រាប់ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិ ព្រឹត្តិការណ៍នេះក៏បានផ្សារភ្ជាប់ និងរម្លឹកតួនាទីជាស្ថាប័នថែរក្សា និងការពារបេតិកភណ្ឌឯកសារជាតិស្របគ្នានឹងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ លើកទី២០ (Francophonie 2026) ដែលនឹងបង្ហាញទៅកាន់ពិភពលោកអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងការប្តេជ្ញាចិត្តក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្ណសារ។ ក្នុងនោះក៏នឹងមានពិព័រណ៍ក្នុងបរិវេណបេតិកភណ្ឌ តាំងបង្ហាញនូវការចងចាំជាតិពីមុនសម័យអង្គរ រហូតដល់បច្ចុប្បន្ននៃការធ្វើទំនើបកម្មថ្នាលឌីជីថល រួមទាំងកម្មវិធីអមជាច្រើនផ្សេងៗទៀត ដោយបើកជូនដល់ប្រជាពលរដ្ឋ សាធារណជន សិស្ស និស្សិត ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយសេរីរយៈពេលពេញមួយខែ ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះតទៅ៕

 

You might also like