ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូសេវាឧតុនិយមខេត្តអានហួយ (CMA) ប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជួបពិភាក្សាការងារជាមួយតំណាងគណៈប្រតិភូសេវាឧតុនិយមខេត្តអានហួយ នៃរដ្ឋបាលឧតុនិយមចិន (CMA) ដឹកនាំដោយលោកស្រី Hu Wen អគ្គនាយិកាសេវាឧតុនិយមខេត្តអានហួយ នៅសាលប្រជុំនៃក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្លាស់ប្តូរបច្ចេកទេស បទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយមកម្ពុជា តាមរយៈការធ្វើទស្សនកិច្ច ការបណ្តុះបណ្តាល និងការជំរុញអនុវត្តដំណោះស្រាយ MAZU។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅបន្ទប់ព្យាករណ៍អាកាសធាតុ និងពិភាក្សាពីដំណោះស្រាយលើបញ្ហាប្រឈម ដើម្បីលើកកម្ពស់សមត្ថភាពព្យាករធាតុអាកាសនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។
ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តសហការជិតស្និទ្ធជាមួយរដ្ឋបាលឧតុនិយមចិន (CMA) លើការអនុវត្តជាក់ស្តែងនៃដំណោះស្រាយ MAZU ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ៕

You might also like