តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
(រាជធានីភ្នំពេញ) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាអំពើហិង្សាលើកុមារ (UN SRSG on Violence against Children) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោកស្រីតំណាងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវកម្មវិធីកែទម្រង់ស៊ីជម្រៅ ដោយចាត់ទុកប្រជាពលរដ្ឋជាស្នូល ជាពិសេសការអនុវត្តប្រព័ន្ធគាំពារសង្គម និងសន្តិសុខសង្គម សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពរបស់កុមារ ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយប្រសិទ្ធភាព និងទទួលបានការសាទរជាខ្លាំងពីប្រជាពលរដ្ឋ។
លោកស្រីតំណាងពិសេសក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ដែលជាឯកសារគោលនយោបាយជាតិដ៏សំខាន់របស់កម្ពុជាលើកិច្ចការពារកុមារ។
លោកស្រីតំណាងពិសេស បានគូសបញ្ជាក់ទៀតថា ការចាត់ទុកមនុស្សជាអាទិភាពចម្បងនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺពិតជាមានសារៈសំខាន់បំផុត ហើយដើម្បីឱ្យកិច្ចការនេះសម្រេចបានជោគជ័យ គឺត្រូវផ្តោតលើការរៀបចំរបៀបវារៈគោលនយោបាយដោយផ្អែកលើស្ថានភាពជាក់ស្តែង និងតម្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន និង ការពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ សំដៅពង្រឹងកិច្ចការពារកុមារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ និងកសាងសន្តិភាព ស្ថិរភាពនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន។ សម្តេចធិបតី បានចាត់ទុកភាពជាដៃគូ, ការគាំទ្រ និងការរួមចំណែករបស់អង្គការសហប្រជាជាតិ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ក្នុងការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ព្រមទាំងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅ SDGs តាមផែនការដែលបានកំណត់។
ទន្ទឹមនឹងនេះ សម្តេចធិបតី បានគូសរំលេចពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់អំពើហិង្សា និងការការពារកុមារ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំទ្រផ្សេងៗ និងការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៅកម្ពុជា ជាដើម។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលមិនត្រឹមតែផ្តោតលើការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតបរិយាកាសគាំទ្រ ប្រកបដោយភាពកក់ក្តៅ តាមរយៈការដាក់ចេញនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ» ដែលអនុវត្តដោយមូលនិធិជាតិជំនួយសង្គម ដើម្បីគាំពារសុខភាពមាតា និងទារក រួមទាំងស្ត្រីមានផ្ទៃពោះ និងកុមារតូចៗដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារ ផងដែរ។
ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ពីអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលចាត់ទុក «មនុស្ស» ជាស្នូល ដោយរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់លើការកសាងមូលធនមនុស្ស តាមរយៈការពង្រឹងវិស័យសុខាភិបាល, ការពង្រីកសមត្ថភាពចំណេះដឹង ជំនាញ និង ការបង្កើតការងារជូនប្រជាពលរដ្ឋ៕






