ព្រះសង្ឃ និងពលរដ្ឋខ្មែរ មានដើមកំណើតខ្មែរក្រោម បន្តផ្សារភ្ជាប់សុខទុក្ខជាមួយកងទ័ព និងនគរបាល

(បាត់ដំបង)៖ បេះដូងត្របាញ់ដោយមនោសញ្ចេតនា និងការយកអាសាគ្នា បានជំរុញឱ្យ​ព្រះ​សង្ឃ និងពលរដ្ឋខ្មែរមានដើមកំណើតខ្មែរក្រោម ចុះធ្វើសកម្មភាពផ្សារភ្ជាប់សុខទុក្ខជាមួយ​កងទ័ព នគរបាល និងប្រជាពលរដ្ឋខ្មែរជាហូរហែ។
នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លេខាធិការដ្ឋាន​​នៃអង្គការ​សមាគម​ខែ្មរ​ក្រោម​ ​ដែល​មាន​៩សមាគម​ខ្មែរ​ក្រោម​ជាមាជិក​ ដឹកនាំ​ដោយ​ លោក​ សឺន​ យឿង​ រួម​​និងបងប្អូន​ខ្មែរ​ដើម​កំណើត​ខ្មែរ​ក្រោម​ ព្រះ​សង្ឃ​ខ្មែរ​ដេីម​កំណើត​ខ្មែរ​ក្រោម​ចំនួន​៩អង្គ​ និមន្ត​មពី​វត្ត​អង្គ​តា​មិញ​ វត្ត​ សាមគ្គី​រង្សី​ វត្ត​បុទុមវតី​ និង​វត្ត​នាគវ័ន្ត​ និងព្រះកោសលវិទូ​ បណ្ឌិត​ ទេព្យ​ កុសល​ ប្រធាន​មូលនិធិ​មេត្តា​ធម៌​កម្ពុជា​ និង​មាន​ការ​ចូលរួម​ពីក្រុម​គ្រួសារ​អ្នក​ឧកញ៉ា​ យូរ​ សាម៉េត​ ទីប្រឹក្សា​សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​មាន​ការសម្របសម្រួល​ដោយ​ ក្រុម​ការងារ​របស់លោក​ សាន​ សាង​ ទីប្រឹក្សា​សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​​ បាននាំ​យក​អំណោយ​មក​ជូន​វិរៈ​កងទ័ព​នៅទី​បញ្ជាការ​ទិសទី​២​ជួរមុខ​ នៃយោធភូមិភាគ​ទី៥​ ខេត្ត​បាត់ដំបង។
​អំណោយ​ដែលយកចែកជូននាពេលនោះរួម​មាន៖​ អង្ករ ៣តោន​ និង​មុី​ជាតិ​ ចំនួន​ ១១៤​កេស​ ​ទឹក​ត្រី​ ១៣០​យួ​រ ​ទឹក​សុីអុីវ​ ​១៣០​យួរ​ ទឹក​បរិសុទ្ធ​ រួម​នឹង​ទឹកក្រូច​ ទឹក​ផ្លែឈើ​ ១៥០​កេស ហើយ​មាន​អាហារ​សាមគ្គី​ជាមួយ​​វិរៈ​កងទ័ពចំនួន​១៧​តុ​។
ក្នុង​ពិធី​ជូនអំណោយ​នេះ ​ក៏មាន​ការ​ចូលរួមទទួល​ស្វាគមន៍​​យ៉ាង​កក់ក្ដៅ​ពីឧត្ដម​សេនីយ៍​ឯក​ ព្រហ្ម​ មរណៈ​ មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ និងជាប្រធាន​គណៈ​បញ្ជាការ​សមរភូមិ​មុខ​ទិសទី​២​ យុទ្ធ​ភូមិ​ភាគ​ទី​៥​​។
ថ្លែងសំណេះសំណាលនៅក្នុងឱកាសនោះ លោក សាន សាង បានគូសរំលេចថា ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ មានដើមកំណើតខ្មែរក្រោម តែងតែគិតគូរ និងនឹករលឹកជាប់ជានិច្ច​ចំពោះកងទ័ព និងនគរបាល ដែលបានឈរជើងការពារជាតិ និងទឹកដីប្រក​ប​ដោយ​ឆន្ទៈ​មនសិការខ្ពស់។ ដើម្បីជាការចូលរួមដល់កិច្ចការពារជាតិ និងទឹកដីនេះ ព្រះសង្ឃ និង​ប្រជា​ពលរដ្ឋខ្មែរមានដើមកំណើតខ្មែរក្រោម បានធ្វើសកម្មភាពជាបន្តបន្ទាប់ក្នុងការនាំស្បៀង​អាហារ និងរៀបចំអាហារជូនដល់កងទ័ព។
សម្រាប់លោក សាន សាង សកម្មភាពទាំងនេះ បង្ហាញច្បាស់ពីការវិញត្របាញ់ចូលគ្នារវាង​ខ្មែរមានដើមកំណើតខ្មែរក្រោម និងប្រជាពលរដ្ឋខ្មែរក្នុងការរួមគ្នារវាងសមរភូមិមុខ និង​ក្រោយលើកិច្ចការពារទឹកដី៕

You might also like