អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យប្រឡាយ លូ និងស្ថានីយ៍បូមទឹក ក្នុងខណ្ឌចំនូនបី ដើម្បីរិះរកគ្រប់វិធីធ្វើយ៉ាងណាអាចរំដោះការលិចលង់
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំនួន ៣ មានខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យមើលប្រឡាយ,លូ និងស្ថានីយ៍បូមទឹក ដើម្បីរិះរកគ្រប់វិធីធ្វើយ៉ាងណាអាចរំដោះការលិចលង់នៅតំបន់មុខ មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ខណ្ឌទួលគោក និងចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងពេលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យមើលប្រឡាយ និងស្ថានីយ៍បូមទឹកបឹងសាឡាង លោក ឃួង ស្រេង បានណែនាំឱ្យស្តារប្រឡាយបឹងសាឡាង និងការសិក្សាដើម្បីបុកស៊ីផាយប្រឡាយបឹងសាឡាងជាមួយ និងការស្ថាបនាផ្លូវអបសងខាងប្រឡាយ ប្រវែង ១០៥៣ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលនេះជាគម្រោងអនុវត្តយូរអង្វែង។
ក្រោយពីបានពិនិត្យប្រឡាយ និងស្ថានីយមបូមទឹកបឹងសាឡាងហើយ លោក ឃួង ស្រេង បានបន្តចុះពិនិត្យមើលប្រឡាយ និងស្ថានីយ៍បូមទឹកទួលសំពៅ មហាវិថី ឈ្នះ ឈ្នះ និងបានណែនាំឱ្យមន្រ្តីជំនាញពង្រីកស្ថានីយ៍បូមទឹកទួលសំពៅឱ្យបានធំជាងមុន ដើម្បីរំដោះទឹកភាគខាងជើង ជាមួយនឹងការស្តាប្រឡាយទួលសំពៅនេះផងដែរមានប្រវែង៩គីឡូម៉ែត្រ ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រហូតដល់ខណ្ឌព្រែកព្នៅ។
លោក ឃួង ស្រេង ក៏បានណែនាំឱ្យសិក្សាពីគម្រោងអាទិភាព ដើម្បីដោះស្រាយទឹកលិចនៅមហាវិថីសហព័ន្ធរ៉ុស្ស៊ី ពិសេសនៅចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ ដែលមានទាំងការដាក់លូប្រអប់ខ្នាតធំ ការស្តារប្រឡាយ និងការសិក្សាធ្វើស្ថានីយ៍បូមទឹករ៉ឺលែល ដើម្បីដោះស្រាយទឹកលិចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានី បានណែនាំឱ្យអាជ្ញាធរ សង្កាត់ ខណ្ឌ ចុះធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ កុំបោះសំរាមចូលលូ និងប្រឡាយ ដែលវានឹងធ្វើឱ្យស្ទះលូ បង្កជាការលិចលង់ដោយជំនន់ទឹកភ្លៀង៕






