មន្ត្រី៖ មនុស្សច្រើននាក់ស្លាប់ក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំនៅតំបន់ជនបទប្រទេសទួរគី
មន្ត្រីតំបន់បាននិយាយថា មនុស្ស ៨ នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងភូមិចំនួន៣នៅប្រទេសទួរគី កាលពីថ្ងៃព្រហស្បតិ៍ ទី ៥ ខែវិច្ឆិកា ខណៈនគរបាលកំពុងធ្វើប្រតិបត្តិការស្វែងរកខ្មាន់កាំភ្លើង។ ការិយាល័យអភិបាលក្រុង Afyonkarahisar បាននិយាយថា «គួរឲ្យសោកស្តាយ ពលរដ្ឋ៨នាក់បានបាត់បង់ជីវិត ហើយម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្នុងការវាយប្រហារដោយអាវុធ»។
ហេតុការណ៍បាញ់ប្រហារបានកើតឡើងនៅក្នុងតំបន់ជនបទមួយនៅក្បែរទីក្រុង Afyonkarahisar ជាទីក្រុងស្ថិតនៅចន្លោះរដ្ឋធានី Ankara និងទីក្រុងឆ្នេរ Izmir។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍ថា ស្ត្រី ២ នាក់ដែលមានរបួសដោយគ្រាប់កាំភ្លើងត្រូវបានគេឃើញនៅលើផ្លូវមួយក្នុងភូមិ Yukaritandir ប៉ុន្តែទោះបីជាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ក៏ដោយ ក៏ស្ត្រីទាំង ២ នាក់បានស្លាប់។ ប្រភពដដែលបាននិយាយថា សាកសព៦នាក់ទៀតត្រូវបានគេឃើញនៅក្នុងភូមិចំនួន២ផ្សេងគ្នា។ ក្រៅពីនេះ មនុស្សម្នាក់ត្រូវបានឃើញស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យ។
រូបភាពពីកាមេរ៉ាសុវត្ថិភាព (CCTV) ដែលមិនសូវច្បាស់ល្អ ហើយត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយទួរគី បានបង្ហាញបុរសម្នាក់កំពុងកាន់កាំភ្លើងវែងមួយដើមឈរនៅក្បែររថយន្តពណ៌ក្រហមមួយគ្រឿង។ ក្រោយមកស្ថានីយទូរទស្សន៍ NTV បានរាយការណ៍ថា នគរបាលបានប្រទះឃើញរថយន្តពណ៌ក្រហមនោះជាប់ផុងក្នុងដីល្បប់នៅតំបន់ជាយក្រុង Eskisehir ហើយជនសង្ស័យបានរត់គេចខ្លួនដោយថ្មើរជើង។






