ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកការ​ប្រកួតកីឡា​ជាតិ​លើកទី៥ និងកីឡាជាតិជនពិការលើកទី៣

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវ​នឹង​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញជាអធិបតីភាពបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ​លើក​ទី៣ ប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ប្រារព្ធឡើង ក្រោម​​​បុព្វបទ «កីឡាដើម្បីឯកភាពជាតិ» ជាពិសេសក្នុងបរិបទដែលកម្ពុជា ប្រាថ្នាចង់បាន​សន្តិភាព និងស្ថិរភាពជាតិ ក្នុងនោះស្មារតីកីឡា គឺជាស្ពានភ្ជាប់បេះដូងជាមួយប្រជាជន លើកកម្ពស់សាមគ្គីភាព និងបណ្តុះស្មារតីស្នេហាជាតិ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូល​រួម​ក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាព​ជាតិ»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួត​កីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកប​ដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្ត​ទាំង​២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់​រាជរដ្ឋាភិបាល​ចំពោះ​តម្លៃ​ដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថ​សង្គមចំពោះ​ជន​មានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការកីឡាជាតិ និងកីឡាជាតិជនពិការ មានគោលបំណង​សំខាន់​មួយទៀត គឺការត្រៀមលក្ខណៈសម្បត្តិឱ្យ​បានរួចរាល់ និងកាន់តែប្រសើរឡើង​ថែម​ទៀត សម្រាប់ចូលរួម ក៏ដូចជា រៀបចំព្រឹត្តិការណ៍កីឡា​កម្រិតតំបន់ និងអន្តរជាតិនាពេល​ខាង​មុខ។ រាជរដ្ឋាភិបាលបានដាក់ចេញទិសដៅច្បាស់លាស់ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់​ផ្ទះ​ក្នុងការរៀបចំ៖ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ (23rd ASEAN University Games 2028), ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមឆ្នាំ ២០​២៩ (Asian Youth Para Games 2029) និងការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០៣១ (Asian Youth Games 2031)។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានសិក្សាដាក់ចេញនូវ​គោល​នយោបាយ, ផែនការយុទ្ធសាស្រ្ត និងវិធានការប្រាកដនិយម ដើម្បីលើកកម្ពស់វិស័យអប់​រំ​កាយ និងកីឡានៅកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ កោតសរសើរក្រសួងអប់រំ យុវជន និង កីឡា, គណៈកម្មា​ធិការជាតិអូឡាំពិកកម្ពុជា, គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, សហព័ន្ធកីឡាជាតិ, និង អ្នកពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចសហការ និង កិច្ចសហ-ប្រតិបត្តិការល្អ ក្នុងការរៀបចំកម្មវិធី និងទីកន្លែងប្រកួតទាំងអស់ បានច្បាស់លាស់ និងរៀបរយតាមនិយាមបច្ចេកទេស ដូចការ​គ្រោងទុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រា​នោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយ​សម្ប​ទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀន​សម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរ​ឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអភិវឌ្ឍកីឡាជាតិ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងបរិយាប័ន្ន ទាមទារឱ្យមានចក្ខុ​វិស័យវែងឆ្ងាយ, ការរៀបចំផែនការ និងយុទ្ធសាស្រ្តច្បាស់លាស់ និងការចូលរួមពីគ្រប់​ភាគី​ពាក់ព័ន្ធ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំការប្រកួតកីឡាជាតិរៀងរាល់ពីរឆ្នាំម្តង ជាយុទ្ធសាស្រ្តលើកកម្ពស់សកម្មភាព​អប់រំ​កាយ និងកីឡា ក្នុងសង្គមកម្ពុជា ជាឧបករណ៍សម្រាប់វាស់ស្ទង់សមត្ថភាពអត្តពលិក និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ដើម្បីត្រៀមខ្លួនសម្រាប់​ការ​ប្រកួត និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់តំបន់ និង អន្តរជាតិ នាពេលអនាគត; ព្រមទាំងជាយន្តការត្រួតពិនិត្យវឌ្ឍនភាព និង វាយតម្លៃចំណុចខ្លាំង ចំណុចខ្វះខាត ដើម្បីដាក់ចេញទិសដៅអភិវឌ្ឍបន្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកីឡាជាតិជនពិការ រួមជាមួយការប្រកួតកីឡាជាតិ គឺដើម្បីបង្ហាញថា សមត្ថភាពរបស់មនុស្ស មិនមែនវាស់វែងដោយផ្អែកទាំងស្រុងលើកាយសម្បទានោះទេ, ពោលគឺត្រូវកំណត់ដោយផ្អែកលើទេពកោសល្យ ការខិតខំព្យាយាម និង សមិទ្ធផលដែលពួកគេសម្រេចបាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាករ កីឡាការិនីមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់, ឆន្ទៈមោះមុត និង ការតស៊ូឆ្ពោះទៅរកគោលដៅ ខណៈដែល​ការចូលរួមរបស់ពួកគេ រំឭកយើងថា ឧបសគ្គមិនមែនជាហេតុផលត្រឹមត្រូវនៃការបោះបង់ឱកាសនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រជាពលរដ្ឋ និង សហគមន៍ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសង្គមកម្ពុជាមួយ ដែលផ្តល់ឱកាសឱ្យមនុស្សគ្រប់រូប អាចអភិវឌ្ឍសមត្ថភាព, បញ្ចេញទេពកោសល្យ, និង ចូលរួមក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច បានពេញលេញ និងដោយស្មើភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះចំពោះគណៈកម្មាធិការ រៀបចំ, ក្រសួង ស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរដែនដី, កងកម្លាំងប្រដាប់អាវុធ, គ្រូបង្វឹក, កីឡាករ កីឡាការិនី, និង អ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និង ខិតខំប្រឹងប្រែង រៀបចំព្រឹត្តិការណ៍កីឡាជាតិនេះឡើង ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមជូនពរឱ្យកម្មវិធីប្រកួតកីឡាជាតិ លើកទី ៥ និង កីឡាជាតិជនពិការលើកទី ៣ ឆ្នាំ ២០២៦ នេះ ទទួលបានជោគជ័យដ៏ ត្រចះត្រចង់, និង សូមជូនពរអត្តពលិកទាំងអស់ ទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយ ស្មារតីកីឡា យុត្តិធម៌ និង មិត្តភាព៕

You might also like