ទិវាបុណ្យឯករាជ្យជាតិ «៩ វិច្ឆិកា» ថ្ងៃនេះជាខួប ៧៣ ឆ្នាំ រំឭកដល់ការទាមទារឯករាជ្យជាតិនៃព្រះបរមរតនកោដ្ឋ ពីបារាំងជូនមាតុភូមិកម្ពុជា
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំឭកឱ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និង ប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និង ព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។
ជាក់ស្ដែង នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ គឺជាខួប ៧៣ ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។
សូមជម្រាបជូនថា បារាំងបានដាក់អាណានិគមន៍លើដែនដីសុវណ្ណភូមិ អស់រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣ – ៩ វិច្ឆិកា ១៩៥៣) ដែលការដាក់អាណានិគមន៍របស់បារាំងលើដែនដីកម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី បានធ្វើឡើងបន្ទាប់ពីប្រទេសមហាអំណាចពិភពលោកក្នុងសម័យនោះមួយនេះ បានបាត់បង់អំណាចអាណានិគមរបស់ខ្លួននៅអាមេរិក (រដ្ឋល្វីស៊ីយ៉ានត្រូវលក់ទៅឱ្យអាមេរិក) ឯរដ្ឋកាណាដា ត្រូវអង់គ្លេសដណ្តើមយក។
ដូច្នេះ ដើម្បីពង្រឹងអំណាចរបស់ខ្លួន បារាំងមានបំណងបាញ់ឆ្ពោះការដាក់អាណានិគមទៅតំបន់អាហ្វ្រិក និង អាស៊ី ដែលនៅអាស៊ី បារាំងបានតម្រង់ទិសដៅមករកប្រទេសចិន ភាគខាងត្បូង និង បណ្ដាប្រទេសនៅឥណ្ឌូចិនមាន កម្ពុជា វៀតណាម ឡាវ សៀម។
ការឈានជើងរបស់បារាំង លើទឹកដីកម្ពុជា ពេលនោះមិនមែនកម្ពុជាអញ្ជើញមកដូចរជ្ជកាលព្រះបាទអង្គឌួង ដើម្បីជួយការពារប្រទេសពីការឈ្លានពានរបស់សៀមនោះឡើយ។ បារាំងបានមកដោយសំឡឹងឃើញប្រយោជន៍ ដែលខ្លួនបានបាត់បង់ដែនដីអាណានិគមមួយចំនួន គួបផ្សំនឹកឃើញកម្ពុជាធ្លាប់អញ្ជើញគេមកធ្វើអាណាព្យាបាលផងដែរ។
ដោយយល់ថា ការទាមទារឯករាជ្យ ដោយអាវុធបណ្តាលឱ្យប្រជារាស្ត្ររងទុក្ខខ្លាំងពេក ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ចាប់ផ្តើមធ្វើការតស៊ូតាមផ្លូវទូត ដើម្បីទាមទារឯករាជ្យនៃប្រទេសកម្ពុជា។
នៅឆ្នាំ ១៩៤៩ ព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហនុ បានទាមទារឱ្យប្រទេសបារាំង បញ្ឈប់សន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ ១៨៦៣ និង ១៨៨៤។
នៅឆ្នាំ១៩៤៩ ដដែល ព្រះអង្គបានឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។
ពីឆ្នាំ ១៩៥២ ដល់ឆ្នាំ ១៩៥៣ ព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះអង្គយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ ១០០ ភាគរយ ជូនជាតិមាតុភូមិ។
នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យ ទាំងស្រុងពីសាធារណរដ្ឋបារាំង។
ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ»។ ដើម្បីជាការចងចាំនូវព្រះរាជស្នាព្រះហស្ថដ៏ឧត្តុងឧត្តម នៃការទាមទារឯករាជពីអាណានិគមបារាំងនេះ វិមានឯករាជ្យត្រូវបានកសាង និង សម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជាព្រះវរាជបិតា របស់សម្តេចព្រះ នរោត្តម សីហនុ។ វិមានឯករាជ្យនេះ ក៏ជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ផងដែរ។
ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដែលមានពិធីប្រទានភ្លើងទៀនជ័យ រំឭកគុណអ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបុណ្យត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែវិច្ឆិកា និង បញ្ចប់នៅថ្ងៃទី ១១ វិច្ឆិកា ជាកំណត់។ ថ្ងៃ ៩ វិច្ឆិកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យសិស្សានុសិស្ស និស្សិត កម្មករ និយោជិត និងមន្ត្រីរាជការ បានឈប់សម្រាកផងដែរ ដើម្បីចូលរួមអបអរសាទរផងដែរ៕






