មន្រ្តីអន្តរក្រសួង ចុះពិនិត្យកិច្ចការរៀបចំភូមិហ្រ្វង់កូហ្វូនី ខណៈពិធីបើកនៅសល់ពីរថ្ងៃទៀត

មន្រ្តីអន្តរក្រសួងដូចជា ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើមនោះ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានចុះពិនិត្យទីតាំងរៀប​​ចំភូ​​មិហ្រ្វង់កូហ្វូនី ខណៈការរៀបចំសម្រេចបានជាង៩០ភាគរយ។
ភូមិហ្វ្រង់កូហ្វូនីដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងចាប់បើកឲ្យភ្ញៀវ​​ទេសចរជាតិ និងអន្តរជាតិចូលទស្សនា ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមា​​​នកា​របង្ហាញលើសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តា​​ប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ, ស្តង់ពិព័រណ៌, ស្តង់ពិព័រណ៌ម្ហូបអាហារ, ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងការរៀបចំជាកិច្ចសន្ទនា សិក្ខាសាលា លើប្រធានបទគន្លឹះៗ មានជាអាទិ៍ ការលើកកម្ពស់វិស័យទេសចរណ៍ ការអប់រំ យុវជន សមភាពយេនឌ័រ សន្តិភាព ការអភិរក្សបេតិកភណ្ឌវប្បធម៌។ល។ ភូមិហ្រ្វង់កូហ្វូនីរៀបចំឡើងក្រោមប្រធាន «ស្នាមញញឹមខ្មែរ ស្នាមញឹមហ្រ្វង់កូហ្វូនី»។
គួរបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អមដំណើរដោយលោ​​កជំទា​​​វបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោកជំទាវអគ្គលេខាធិការ នៃអង្គការ OIF នឹងអញ្ជឹងចូលរួម​​ជាគណៈធិបតីបើកព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី» ជាផ្លូវការ នៅល្ងាចថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមការប៉ាន់ស្មាន ព្រឹត្តិការណ៍ភូមិហ្រ្វង់កូហ្វូនី នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងគណៈប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ទៅទស្សនាភូមិហ្រ្វង់កូហ្វូនី សរុបប្រមាណ១០ម៉ឺននាក់៕

You might also like