ឯកឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវ Brigitte Macron ស្ត្រីទី១ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នារសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋ ឯកឧត្តមប្រធានាធិបតី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង និងថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នទាំងបីផងដែរ។
បន្ថែមពីលើនេះ ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ក៏នឹងអញ្ជើញចូលរួមជាអធិបតីជាមួយនឹង ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច ស្ថិតក្នុងទឹកដីខេត្តសៀមរាបផងដែរ។






