យុវជនម្នាក់ពុំដឹងថា ប្រើប្រាស់ថ្នាំញៀនរហូតដល់កម្រិតបែកថ្នាំ ឬក៏វិកលចរិតនោះទេ បានដើរ និងរត់ឆ្លេឆ្លាកាត់ក្នុងភូមិ បន្ទាប់មកបានរត់ឡើងទៅលើផ្ទះអ្នកភូមិ
ភ្នំពេញ ៖ យុវជនម្នាក់ពុំដឹងថា ប្រើប្រាស់ថ្នាំញៀនរហូតដល់កម្រិតបែកថ្នាំ ឬក៏វិកលចរិតនោះទេ បានដើរ និងរត់ឆ្លេឆ្លាកាត់ក្នុងភូមិ បន្ទាប់មកបានរត់ឡើងទៅលើផ្ទះអ្នកភូមិពីផ្ទះ១ ទៅផ្ទះ១ទៀត ច្រើនខ្នងជាបន្តបន្ទាប់ រួចទើបចាកចេញទៅបាត់ស្រមោល មិនបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ។
កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ បាននិយាយថា ពួកគាត់មិនធ្លាប់បានស្គាល់យុវជននោះពីមុនមកទេ ហើយតាមការប៉ាន់ស្មានយុវជននេះ មានអាយុប្រមាណ២០ឆ្នាំ សក់ខ្លី សម្បុរស្រឯម ស្លៀកខោពណ៍ខ្មៅជើងវែង ពាក់អាវយឺពណ៍ខ្មៅដៃខ្លី ហើយអត់ពាក់ស្បែកជើងនោះទេ គឺដើរជើងទទេ។ ដោយឡែក នៅវេលាម៉ោងខាងលើ ស្រាប់តែឃើញយុវជននោះ រត់ផងដើរផងចូលទៅក្នុងភូមិថ្មគោល១ យ៉ាងត្រហេបត្រហប ហាក់ដូចមានអ្នកដេញវាយដេញចាប់ អ៊ីចឹង ដោយពុំដឹងថា មកពីទីកន្លែងណានោះទេ ហើយនៅក្នុងដៃកាន់ដើមរាសី ១ដើម ផងដែរ ។
ប្រជាពលរដ្ឋដដែលបាននិយាយបន្តទៀតថា បន្ទាប់មកស្រាប់តែរត់ឡើងទៅលើផ្ទះអ្នកភូមិពីផ្ទះ១ ទៅផ្ទះ១ទៀត ច្រើនខ្នងជាបន្តបន្ទាប់ ប៉ុន្តែពុំបានបង្កគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ ឬអ្នកភូមិណាម្នាក់ឡើយ ហើយក៏ពុំបានលួចទ្រព្យសម្បត្តិអ្នកភូមិខាងលើដែរ។ ប៉ុន្តែខណៈនោះ បានធ្វើឲ្យអ្នកភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែអ្នកភូមិមិនបានដេញចាប់យុវជននោះឡើយ ដោយគ្រាន់តែនាំគ្នាតាមមើលពីសកម្មភាពយុវជននោះប៉ុណ្ណោះ ។ លុះមួយសន្ទុះក្រោយមក យុវជននោះក៏បានដើរចេញពីក្នុងភូមិថ្មគោល១នោះបាត់ស្រមោល ដោយពុំដឹងថា ទៅទីណាទៀតនោះទេហើយប្រជាពលរដ្ឋក៏ពុំបានប្ដឹងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍នោះដែរ ៕






