ឯកឧត្តមប្រធានាធិបតីបារាំងថ្លែងអំណរគុណដល់កម្ពុជា ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ
ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា ដែលបានផ្តល់ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតដល់រូបឯកឧត្តម និងភរិយា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ និងការចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ប្រធានាធិបតី បានសរសេរសារជាភាសាខ្មែរនៅលើបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តម បន្ទាប់ពីបានចាកចេញពីកម្ពុជាកាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា៖ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ!»។
ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ ឯកឧត្តមប្រធានាធិបតី បានបង្ហាញនូវក្តីសប្បាយរីករាយ តាមរយៈសកម្មភាពសាមញ្ញៗជាច្រើន ដូចជា ការឱនថើបកុមារីដែលជូនផ្កាឯកឧត្តមនៅពេលចុះពីលើយន្តហោះមកដល់កម្ពុជា ការជួបចាប់ដៃមន្ត្រីរាជការ សិស្សានុសិស្ស និងទស្សនារបាំក្ងោក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានបំពេញទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល ដោយការដើរទស្សនា ផ្លូវថ្មើរជើង (Walk Street) នៅមុខព្រះបរមរាជវាំង ព្រមទាំងបានថតរូប Selfie ជាមួយប្រជាពលរដ្ឋកម្ពុជា ដោយក្តីសប្បាយរីករាយផងដែរ។ នេះជាសារបញ្ជាក់ពីការជឿទុកចិត្តរបស់ឯកឧត្តមអំពីសន្តិសុខ និងសុវត្ថិភាពរបស់ព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក ក្នុងអំឡុងពេលទស្សនាប្រាសាទអង្គរវត្ត និងចាកចេញពីកម្ពុជា ឯកឧត្តមក៏នៅតែបង្ហាញពីស្នាមញញឹម ភាពស្និទស្នាលជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងបានថតរូប Selfie ជាមួយសិស្សានុសិស្សនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ព្រមទាំងបក់ដៃលាប្រកបដោយក្តីអាលោះអាឡៃ៕






