លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់ឆ្នេរខាងលិច សហរដ្ឋអាមេរិក និងជាប្រធានក្រុមការងាររដ្ឋអូរីហ្គិន បានចុះពិនិត្យ និងវាយតម្លៃទីតាំង ត្រៀមរៀបចំសម្រាប់កម្មវិធីបញ្ចុះបឋមសិលា សាងសង់ព្រះបរមរូបព្រះវិស្ណុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
កម្មវិធីនេះនឹងរៀបចំឡើងនៅទីតាំងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (តំបន់ 9NG) ដោយមានការយកចិត្តទុកដាក់ខ្ពស់លើការរៀបចំទីតាំង បរិយាកាស និងសណ្តាប់ធ្នាប់ ដើម្បីធានាឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន សមរម្យ និងមានអត្ថន័យ។
ជាមួយគ្នានេះ កម្មវិធីបញ្ចុះបឋមសិលា សាងសង់ព្រះបរមរូបព្រះវិស្ណុ នឹងមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ការចុះពិនិត្យទីតាំងនេះ គឺជាផ្នែកមួយនៃការត្រៀមលក្ខណៈយ៉ាងហ្មត់ចត់ ដើម្បីធានាឱ្យពិធីបញ្ចុះបឋមសិលា និងការសាងសង់ព្រះបរមរូបព្រះវិស្ណុ ប្រព្រឹត្តទៅប្រកបដោយសណ្តាប់ធ្នាប់ កិត្តិយស និងភាពអធិកអធម ស្របតាមសារៈសំខាន់នៃព្រឹត្តិការណ៍ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។






