នគរបាលកម្ពុជា-វៀតណាម បើកកិច្ចប្រជុំទ្វេភាគីលើកទី៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន
(វៀតណាម)៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានសហការជាមួយនាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស នៃកងទ័ពការពារព្រំដែនវៀតណាម រៀបចំកិច្ចប្រជុំទ្វេភាគីលើកទី៦ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងញ៉ាត្រាង ខេត្តខាញ់ហ័រ ប្រទេសវៀតណាម។
គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន អមដោយតំណាងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន។ ចំណែកគណៈប្រតិភូតម្រួតវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ត្រី ង៉ូ ថាញ់ប៊ិញ (NGO THANH BINH) ប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម និងគណៈប្រតិភូកងទ័ពការពារព្រំដែនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ដូ ង៉ុកកាញ់ (DO NGOC CANH) ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម។
នៅក្នុងកិច្ចប្រជុំពេញអង្គ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ភាគីកម្ពុជា និងវៀតណាម បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែននាពេលកន្លងមក និងបានធ្វើបទអន្តរាគមន៍ចែករំលែកបទពិសោធន៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការ នៅតាមមូលដ្ឋានជាប់ព្រំដែនជាមួយគ្នាទៅវិញទៅមក។
ភាគីកម្ពុជា និងវៀតណាម បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន និងស៊ើបអង្កេតរួមគ្នា ដើម្បីបង្ក្រាបរាល់បទល្មើសគ្រឿងញៀនឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ភាគីទាំងពីរបានប្តេជ្ញារួមគ្នាបោសសម្អាតក្រុមឧក្រិដ្ឋជន មិនឱ្យយកកម្ពុជា និងវៀតណាម ជាទីតាំងឆ្លងកាត់គ្រឿងញៀន ទៅប្រទេសទី៣ឡើយ៕













