ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំប្រព័ន្ធធារាសាស្ត្រជាប្រចាំឆ្នាំ២០២៦ (ដំណាក់កាលទី២) ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង
នាថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល.) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង រួមមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំឆ្នាំ២០២៦ (ដំណាក់កាលទី២) លើប្រព័ន្ធធារាសាស្ត្រសំខាន់ៗក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
ក្នុងបេសកកម្មចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានធ្វើការវាយតម្លៃលើការងារថែទាំជាប្រចាំឆ្នាំ២០២៦ (ដំណាក់កាលទី២) នៅតាមគោលដៅប្រព័ន្ធធារាសាស្ត្រចំនួន ៤ រួមមាន៖ ១. ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ ស្ថិតក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់; ២. ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ស្ថិតក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់; ៣. ប្រព័ន្ធធារាសាស្ត្រពោធិ៍រាមគុណ ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង; និង ៤. ប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
តាមរយៈការចុះពិនិត្យផ្ទាល់ ក្រុមការងារអន្តរក្រសួងបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម លើការងារជួសជុល និងថែទាំជាប្រចាំ (O&M) ដែលសម្រេចបានលទ្ធផលល្អ ដើម្បីធានាគុណប្រយោជន៍សាធារណៈយូរអង្វែង បម្រើដល់ការស្រោចស្រព ផ្លូវគមនាគមន៍ ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ និងលើកកម្ពស់សេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។
ទន្ទឹមនឹងនេះ ក្រុមការងារក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការចូលរួមថែរក្សាជាប្រចាំពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីធានាឱ្យសំណង់ធារាសាស្ត្រទាំងអស់ប្រើប្រាស់បានគង់វង្សយូរអង្វែង។ ជាមួយគ្នានេះ ដើម្បីត្រៀមលក្ខណៈឆ្លើយតបនឹងឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន បន្តចូលរួមការពារប្រភពទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់៕






